ជុំទី៣ខ្សែរក្រវ៉ាត់គូប៊ូតា ចាន់ ប៊ុនហឿន បះ យុគ ផេត ឯ ធន់ ចាន់តាក់ បះ ប្រាកាយផេត នៅសង្វៀនស្ទឹងមានជ័យ
អ្នកប្រដាល់ចាន់ ប៊ុនហឿន និង ធន ចាន់តាក់ ពួកគេទាំងពីរនាក់នេះ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាយប់ថ្ងៃសុក្រទី០៧មិថុនា២០១៩នេះ។
ចាន់ ប៊ុនហឿន នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃយុគ ផេត ផេតកាសាម។ យុគ ផេត ជាអ្នកប្រដាល់ថៃជើងចាស់ ធ្លាប់មកប្រកួតនៅកម្ពុជាប៉ុន្មានលើកហើយកន្លងមក ។ អ្នកប្រដាល់ថៃ យុគ ផេត នេះ ជាជើងខ្លាំងម្នាក់នៅស្រុកថៃ ដែលមានស្នៀតប្រដាល់ល្អនិងខ្លាំង ហើយបទពិសោធន៍លើរេញរបស់គេគួរសមដែរ ។
ទោះជាយ៉ាងណា យុគ ផេត លើកនេះ ជួបជាមួយចាន់ប៊ុនហឿន ក៏ប្រហែលជាមិនស្រួលខ្លួនប៉ុន្មានដែរ ព្រោះប៊ុនហឿន គេមានផ្លែល្អ។ និយាយរួម បើតាមកម្រិតសមត្ថភាពរបស់យុគ ផេត អាចសន្និដ្ឋានថា យុគ ផេត អាចនឹងយកឈ្នះចាន់ ប៊ុនហឿនបាន នៅក្នុងការជួបគ្នាលើកដំបូងនេះ។ តែយ៉ាងណា សម្រាប់ការប្រកួតលើកនេះ ចាន់ ប៊ុនហឿន គឺត្រូវតែខិតខំប្រឹងប្រែងមែនទែន ទើបមានសង្ឃឹមឈ្នះយុគ ផេតនោះ ។ ចាន់ ប៊ុនហឿន គេមានកណ្តាប់ដៃខ្លាំងនិងសន្ទុះជើងទាត់ខ្លាំង ហើយក៏មានស្នៀតជង្គង់កែងល្អដែរ ។ ដូច្នេះចាំមើល តើនរណាឈ្នះរវាងចាន់ ប៊ុនហឿន និងយុគ ផេត នេះ ? ។
ធន ចាន់តាក់ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ នឹងត្រូវគេផ្គូឲ្យជួបជាមួយអ្នកប្រដាល់ជើងខ្លាំងមកពីប្រទេសថៃឈ្មោះប្រាកាយផេត និតអ៊ីសាមុយ។ ចាន់តាក់ បានឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់ថៃប្រមាណជាង២០នាក់ទាំងលើកនេះ ។ គេជាអ្នកប្រដាល់ជើងខ្លាំង ដែលមានចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃឡើយ ។ ប៉ុន្តែយ៉ាងណាការប្រកួតលើកនេះ មិនដឹងថា ចាន់តាក់អាចយកឈ្នះប្រាកាយផេត បានឬក៏អត់នោះទេ? ។
ប្រាកាយផេត ជាជើងខ្លាំងដែលមានស្នៀតទាត់ និងកណ្តាប់ដៃល្អ ។ ដូច្នេះធន់ ចាន់តាក់ប្រកួតលើកនេះ អាចនឹងជួបការលំបាកច្រើន ព្រោះអ្នកប្រដាល់ថៃរូបនេះ មានស្នៀតប្រដាល់ល្អនិងខ្លាំង ។ ចាំមើល រវាងធន់ ចាន់តាក់ និង ប្រាកាយផេត តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នានេះ ៕