សម្តេច ទៀ បាញ់ ថា រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសសិង្ហបូរី គ្មានសច្ចៈធម៌
ភ្នំពេញ៖ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនាល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេច ទៀ បាញ់ បានថ្លែងថា ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសសិង្ហបូរី នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨(The Shangri-La Dialogue)គ្មានសច្ចៈធម៌ថា ប្រទេសវៀតណាមបានមកឈ្លានពានប្រទេសកម្ពុជាកាលពីទសវត្សន៍ឆ្នាំ៨០នោះគឺមិនពិត ផ្ទុយទៅវិញការមកដល់ភាគីវៀតណាមនេះ គឺដើម្បីជួយរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត តែប៉ុណ្ណោះ។ ការថ្លែងបែបនេះ ក្រោយសម្តេចវិលមកពី ចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨(The Shangri-La Dialogue ) នៅប្រទេសសឹង្ហបុរី។
សម្តេចលើក ឡើងថា ការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសសិង្ហបូរីនេះគ្មានសច្ចៈធម៌ដោយចោទប្រកាន់ថា វៀតណាមមកឈ្លានពានទឹកដីកម្ពុជា ខណៈការឈ្លានពានរបស់អាមេរិកមកទម្លាក់គ្រាប់បែករាប់លានគ្រាប់ បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់បានស្លាប់រាប់សែននាក់ ហើយអ្វីបានជារដ្ឋមន្រ្តីរូបនេះមិនលើកយកមកនិយាយសូម្បីតែមួយម៉ាត់៕
អត្ថបទ៖ សុខ លាភ