សម្ដេច ហេង សំរិន តបទៅវៀតណាមថា កម្ពុជា គ្មានករណីពិសេសសម្រាប់ជនជាតិណាឡើយ
យោងតាមគេហទំព័រក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែមិថុនា នេះ បានអោយដឹងថា ប្រធានរដ្ឋសភាសម្ដេច ហេង សំរិន ប្រាប់មេដឹកនាំវៀតណាមថា ច្បាប់កម្ពុជា គ្មានករណីពិសេសសម្រាប់ជនជាតិណាមួយឡើយ ។ ការលើកឡើងរបស់សម្ដេច ធ្វើឡើងនៅក្នុងជំនួបជាមួយប្រមុខរដ្ឋវៀតណាមដែលបានស្នើឲ្យប្រធានរដ្ឋសភា ជួយស្នើទៅរដ្ឋាភិបាលធ្វើយ៉ាងណាឱ្យអនុវត្តន៍ឱ្យបានសមស្រប ក្នុងការផ្ទេរលំនៅឋានប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើទឹក មកលើគោកក្នុងខេត្តកំពង់ឆ្នាំង។
គេហទំព័រក្រសួងព័ត៌មាន ដកស្រង់សម្តីលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ក្នុងជំនួបពិភាក្សាជាមួយលោក ជំទាវង្វៀង ធីគឹមង៉ាន់ ប្រធានរដ្ឋសភាវៀតណាម ។ នៅក្នុងជំនួបភាគពិភាក្សាទ្វេភាគីវៀតណាមបានស្នើដល់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ជួយសម្រួលដល់ការផ្ទេរលំនៅឋានរបស់ប្រជាជនអន្តោប្រវេសន៍វៀតណាមនៅខេត្តកំពង់ឆ្នាំង ដែលកំពុងរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ឱ្យឡើងមករស់នៅតំបន់គោកក្នុងខេត្តកំពង់ឆ្នាំង គឺភាគីវៀតណាមបានស្នើឱ្យសម្ដេចប្រធានរដ្ឋសភា ជួយស្នើទៅរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យអនុវត្តន៍ឱ្យបានសមស្របក្នុងការផ្ទេរលំនៅឋាននេះ។
ជាការឆ្លើយតបសម្ដេចពញាចក្រី ហេង សំរិន បានជម្រាបជូនភាគីវៀតណាមថា កម្ពុជាអនុវត្តន៍ទៅតាមច្បាប់នៃប្រទេសកម្ពុជា គឺជាការអនុវត្តច្បាប់ទូទៅច្បាប់អន្តោប្រវេសន៍ ចំពោះជនបរទេសទាំងអស់ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ទាំងជនអន្តោប្រវេសន៍វៀតណាម និងជនជាតិដទៃទៀតនៅកម្ពុជា។ រដ្ឋាភិបាលកម្ពុជាអនុវត្តន៍តាមច្បាប់អន្តោប្រវេសន៍ ដោយមិនមានករណីពិសេសសម្រាប់ជនជាតិណាមួយដែលកំពុងរស់នៅកម្ពុជាឡើយ។
អត្ថបទ៖ សុខ លាភ