នំបញ្ចុក! លោក សម រង្ស៊ី៖ បើគេអញ្ជើញយើងទៅហូបជាមួយគេ សូមអញ្ជើញទៅដោយចិត្តរីករាយ
បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យសមាជិក សមាជិកា និងមន្ត្រីគណបក្សខ្លួនទាំងអស់ រៀបចំកម្មវិធីបរិភោគនិងចែកនំបញ្ចុក ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅថ្ងៃទី៩ មិថុនា នំបញ្ចុកបានក្លាយទៅជាប្រធានបទនៃការឆ្លើយឆ្លងគ្នារវាងអ្នកនយោបាយ! ឆ្លើយតបទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីកម្មវិធីបរិភោគនំបញ្ចុកសាមគ្គីនាថ្ងៃទី៩ ខែមិថុនា លោក សម រង្ស៊ី ក៏បានអំពាវនាវពលរដ្ឋជួបជុំពិសារនំបញ្ចុកជាមួយគ្នា ដោយគ្មានការភ័យខ្លាច។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញ នាព្រឹកនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលសម្ដេចប្រកាសឲ្យរៀបចំកម្មវិធីនេះ ដោយសារចង់ផ្ចាញ់ផ្ចាលទៅលើថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលបានកំណត់ និងអំពាវនាវនាំគ្នាធ្វើយុទ្ធនាការបរិភោគនំបញ្ចុកនៅថ្ងៃទី៩ មិថុនា។ ឆ្លើយតបនឹងការអំពាវនាវរបស់ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលនេះ លោកនាយករដ្ឋមន្ត្រី បាន អំពាវនាវឲ្យពលរដ្ឋទាំងអស់ និងសមាជិកបក្សប្រជាជន «ហូបនំបញ្ចុក» នៅថ្ងៃទី០៩ ខែមិថុនា ដើម្បីបង្ហាញពីការសាមគ្គីជាតិ« សូមកុំភ្លេចទទួលទាននំបញ្ចុកទាំងអស់គ្នា នំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិ មិនមែនជាការហូបនំបញ្ចុកបំបែកបំបាក់ជាតិនោះទេ…។ អញមិនចង់ឲ្យបែកបាក់ជាតិ អញចង់ឯកភាពជាតិ បានជាអញសុខចិត្តយកថ្ងៃ(ទី៩ មិថុនា) ឯងកំណត់(បរិភោគនំបញ្ចុក)ហ្នឹង ។ អញអត់ខ្លាចទេ ឲ្យតែឃើញថាវាមានសេចក្តីសុខអញធ្វើ»៕
អត្ថបទ៖ សុខ លាភ