ចាន់ សំអាត នឹងសូត្រ ប៊ុនធី ចាញ់ថៃ ក្នុងការសន្សំពិន្ទុ ខ្សែក្រវាត់ខារាបាវ នៅSEA TV
អ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធី ចាញ់អ្នកប្រដាល់ថៃ ភេត ង៉ាម ក្នុងទឹកទី៤ និងចាន់ សំអាត ប្រកួតចាញ់អ្នកប្រដាល់ថៃ ឌេន សាយ៉ាម ដោយពិន្ទុ ក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកCarabao ទម្ងន់៦០គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEATV កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។
ការប្រកួតរវាងសូត្រ ប៊ុនធី បានភ្លាត់ស្នៀតត្រូវ ភេត ង៉ាម វាយកែងត្រូវចំសៀតផ្កានៅទឹកទី៤ បណ្តាលឲ្យដួលត្រូវអាជ្ញាកណ្ដាលរាប់៨ ពេលបន្តការប្រកួតទៀតប៊ុនធី ក៏ត្រូវភេតង៉ាម សម្រុកវាយកែង និងអុកជង្គង់ត្រូវច្រើនធ្វើឲ្យសូត្រ ប៊ុនធីដេកដួលសន្លប់លើរេញលែងក្រោករួចតែម្តង។
ចំណែកចាន់ សំអាត វិញ គេបានវាយចាញ់អ្នកប្រដាល់ថៃ ឌេន សាយ៉ាម ដោយពិន្ទុ ។ ចាន់ សំអាត គេរាងយ៉ាប់ជាមួយឌេន សាយ៉ាម ដោយក្នុងទឹកទី២ ត្រូវសាយ៉ាមវាយកែងបែកលើថ្ងាស ហើយស្ថានភាពប្រកួតក៏ចាញ់ប្រៀបថៃដែរ។ ប៉ុន្តែយ៉ាងណា ចាន់ សំអាត ចាញ់ឌេន សាយ៉ាម ដោយពិន្ទុមិនឯកច្ឆ័ន៣ទល់នឹង២ ។
ចាន់ សំអាត ក្នុងពីរប្រកួតជម្រុះ គេទទួលបាន៤ពិន្ទុ គឺឈ្នះ១ប្រកួត និងចាញ់១ប្រកួត ឯ ឌេន សាយ៉ាម ក៏បាន៤ពិន្ទុដែរ ក្នុងពីរប្រកួតដោយឈ្នះ១ប្រកួតនិងចាញ់១ប្រកួតដូចគ្នា ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកខារ៉ាបាវរដូវកាលទី៩ ទម្ងន់៦០គីឡូក្រាមលើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន ៨ រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់ ។ អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះ រួមមាន វៀត ប៊ុនឌឿន , សុខ សាវិន, ចាន់ សំអាត និង សូត្រ ប៊ុនធី ។ ឯ អ្នកប្រដាល់ថៃ ៤ នាក់វិញ មានខាន់ថេប( Khan Thep) , ភុត ភេតណយ(Phut Phat Noy), ភេត ង៉ាម ( Phat Ngam) និង ឌេន សាយ៉ាម (Den Sayam)។