ក្រោយកិច្ចប្រជុំកំពូលបរាជ័យជាមួយលោក ត្រាំ កូរ៉េខាងជើងប្រហារជីវិតប្រេសិតពិសេសប្រចាំនៅអាមេរិក
(កូរ៉េខាងជើង)៖ លោក គីម ហុកឆុល ប្រេសិតពិសេសកូរ៉េខាងជើងប្រចាំនៅសហរដ្ឋអាមេរិក ដែលជាអ្នកត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំនុយក្លេអ៊ែរ ជាមួយទីក្រុងវ៉ាស៊ីនតោននោះត្រូវបានគេរាយការណ៍ថា ត្រូវបានគេប្រហារជីវិតដោយសារតែបរាជ័យ នៅកិច្ចប្រជុំកំពូលកាលពីពេលថ្មីៗកន្លងមកនេះ រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើយោងតាមកាសែតកូរ៉េខាងត្បូង ChosunIlbo ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០៩ នេះ។
លោក គីម ហុកឆុល នឹងក្រុមមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងជាច្រើនរូបទៀត ដែលបានរៀបចំការងារកម្រិតកំពូលសម្រាប់ជំនួបកំពូលរវាងលោក គីម និងលោក ត្រាំ នៅក្នុងទីក្រុងហាណូយកាលពីខែកុម្ភៈកន្លងទៅនោះ ត្រូវបានគេប្រហារជីវិតកាលពីខែមីនា កន្លងទៅ។
ប្រភពព័ត៌មាននៅកូរ៉េខាងជើងសុំមិនបញ្ចេញឈ្មោះនោះ មិនត្រូវបានគេផ្ទៀងផ្ទាត់ឯករាជ្យនោះទេ។ កូរ៉េខាងជើងក៏មិនបានអះអាង ឬក៏ច្រានចោលនោះដែរចំពោះការប្រហារជីវិតនេះ ក៏ដូចជាវិធានការផ្សេងទៀតលើក្រុមមន្ត្រីទាំងនោះ ហើយរបបមួយនេះធ្លាប់បានប្រឈមនឹងអំណះអំណាង សារព័ត៌មានលើកមុនម្ដងរួចមកហើយពីការប្រហារជីវិតនេះ។ ចំណែកឯរដ្ឋាភិបាលកូរ៉េខាងត្បូងវិញ ក៏មិនអាចបញ្ជាក់អះអាងពីសេចក្ដីរាយការណ៍មួយនេះផងដែរ។
លោក គីម យ៉ុងឆុល ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបបានរៀបចំការងារ ជាមួយសមភាគីការបរទេសអាមេរិកលោក ម៉ៃ ផមផ្យូ សម្រាប់ជំនួបកំពូលនោះ បានក្លាយជាកម្មវត្ថុនៃពលកម្មដោយបង្ខំ និងការអប់រំមនោគមន៍វិជ្ជាផងដែរ។ កាសែតមួយនេះបាននិយាយថា លោក គីម បានកម្ចាត់ចោលមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ផ្សេងទៀត ក្នុងគោលបំណងដើម្បីបង្វែរចំណាប់អារម្មណ៍ពីភាពចលាចលផ្ទៃក្នុង និងក្តីទោមនស្ស៕