គ្រូបង្វឹក Spaletti ត្រូវបណ្ដេញចេញពីក្លិប Inter Milan នឹងគ្រោងតែងតាំងលោកAntonio Conte ជំនួស
បាល់ទាត់៖ ក្លិបអ៊ីតាលី Inter Milan បណ្ដេញលោក Luciano Spaletti ចេញពីតំណែងហើយ ខណៈក្លិបគ្រោងតែងតាំងអតីតគ្រូបង្វឹក Chelsea, Antonio Conte ឆាប់ៗនេះ។ លោក Luciano Spaletti ដែលកិច្ចសន្យាមានសុពលភាពដល់ឆ្នាំ2021 នោះ បានដឹកនាំក្រុម Inter Milan បង្ហាញខ្លួននៅ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល 6ឆ្នាំ ហើយនឹងបង្ហាញខ្លួននៅរដូវកាលក្រោយទៀតក្នុងរយៈពេល 2ឆ្នាំដែលអតីតគ្រូបង្វឹក Roma រូបនេះមកដឹកនាំ។
លោក Luciano Spaletti
ក្លិប Inter Milan បានបញ្ចប់រដូវកាលនេះនៅក្របខណ្ឌអ៊ីតាលី Serie A នៅចំណាត់ថ្នាក់លេខ៤ ស្មើពិន្ទុគ្នាជាមួយក្រុមលេខ3 Atalanta បន្ទាប់ពីជ័យជំនះនៅប្រកួតចុងក្រោយ។ អតីតគ្រូបង្វឹកតោខៀវ Chelsea លោក Antonio Conte នឹងក្លាយជាគ្រូបង្វឹកក្លិបអ៊ីតាលី Inter Milan ឆាប់ៗនេះហើយ។
លោក Antonio Conte
បុរសសញ្ជាតិអ៊ីតាលីវ័យ ៤៩ឆ្នាំរូបនេះ មិនមានក្លិបដឹកនាំឡើយតាំងពីត្រូវបានបណ្ដេញចេញពី Chelsea កាលពីខែកក្កដាឆ្នាំមុន ក្រោយចំណាយពេល 2ឆ្នាំនៅ Stamford Bridge ពេញដោយរឿងរ៉ាវ។ នាយកប្រតិបត្តិក្លិបលោក Beppe Moratta ដែលចាកចេញពី Juventus កាលពីខែតុលាមកកាន់តំណែងនៅ Inter Milan នោះ ធ្លាប់យកលោក Conte មកដឹកនាំពេលកាន់តំណែងនៅ Juventus ខណៈបច្ចុប្បន្នអ្នកទាំង2 នៅតែមានទំនាក់ទំនងជិតស្និតនឹងគ្នានៅឡើយ៕