ថៃក្របួចមាត់ចាំឆក់យកឱកាស អាចចំណេញបានរាប់រយលានដុល្លារ ពីជម្លោះពាណិជ្ជកម្មអាមេរិក-ចិន

ថៃ៖ ការសិក្សាមួយបានរកឃើញថា ការដំឡើងថ្លៃពន្ធរបស់ផលិតផលចិនសម្រាប់នាំចូលកាន់សហរដ្ឋអាមេរិកនោះ បានជំរុញឲ្យប្រទេសថៃមានលទ្ធភាពអាចទទួលបានផ្តល់ប្រយោជន៍យ៉ាងច្រើន។ ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រសួងផែនការរបស់ថៃ និងត្រូវបានចុះផ្សាយជាសាធារណៈតាមរយៈសារព័ត៌មានអេឡិចត្រូនិច BANGKOKPOST។ ការសិក្សាបានឲ្យដឹងថា ប្រសិនបើអាមេរិកដំឡើងថ្លៃពន្ធនាំចូល ២៥% ចំពោះផលិតផលចិននោះ វាគឺជាឱកាសល្អសម្រាប់ថៃក្នុងការនាំយកផលិតផលខ្លួនទៅកាន់ទីផ្សារអាមេរិកជាមួយនឹងតម្លៃពន្ធថោកជាងផលិតផលចិន។

​លោកស្រី Pimchanok Vonkorpon អគ្គនាយកការិយាល័យនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្មថៃ បានពន្យល់ថា ផលិតផលចិនដែលត្រូវបានអាមេរិកដំឡើងថ្លៃពន្ធ ២៥% នោះភាគច្រើនជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដែលផលិតផលទាំងនោះថៃក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ផងដែរ។ ខណៈដែលពន្ធលើផលិតចិនឡើងថ្លៃ ផលិតផលថៃនឹងក្លាយជាជម្រើសដ៏ល្អមួយសម្រាប់នាំចូលជំនួស។

ផលិតផលដែលថៃគ្រោងនឹងនាំចូលទៅអាមេរិកនោះមានដូចជា ចំណីអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងទេស ឱសថបុរាណ សំលៀកបំពាក់ ស្បែកជើង ប្រេងផ្កាឈូករ័ត្ន ប្រេងដូង សណ្ដែកដី គ្រាប់ស្រល់ ស្ករត្នោត ស្ករស ទឹកផ្លែឈើ ខ្ញី តែបៃតង សម្ភារកីឡា គ្រឿងលម្អផ្សេងៗ សេរ៉ាមិក និងកញ្ចក់ជាដើម។ តាមការព្យាការណ៍ថៃអាចនឹងបង្កើនតម្លៃនៃការនាំផលិតផលទៅកាន់អាមេរិកពីចំនួន ២០០ លាន ដល់ទៅប្រមាណជា ១ ពាន់លានដុល្លារអាមេរិក៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds