ប្រទេសនូវែលសេឡង់គ្រោងដាំដើមឈើឲ្យបាន ១ពាន់លានដើម ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ
រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់គ្រោងនឹងដាំដើមឈើឲ្យបាន ១ ពាន់លានដើម ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ ដែលកំពុងតែគំរាមគំហែងពិភពលោកទាំងមូល នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន GLOBALCITIZEN។ បើតាមប្រភពដដែលនេះបានឲ្យដឹងថា សំណើសុំសេចក្តីសម្រេចក្នុងការដាំដើមឈើ ១ ពាន់លានដើមនេះ ត្រូវបានគេបញ្ជូនដល់រដ្ឋសភាហើយ និងបើគ្មានអ្វីជាឧបសគ្គទេ សេចក្តីសម្រេចនឹងត្រូវបានគេធ្វើឡើងនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។
ក្នុងគម្រោងនោះរដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់គ្រោងនឹងចាយលុយ ២៤០ លានដុល្លារ ដើម្បីដាំដើមឈើឲ្យបាន ១ ពាន់លានដើម ខណៈដែលរដ្ឋាភិបាលមានកញ្ចប់ថវិកាសរុបរហូតដល់ ៤៨៥ លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ទៀត។ សូមបញ្ជាក់ថា គម្រោងដាំដើមឈើនេះគឺស្ថិតនៅក្នុងគោលនយោបាយកាត់បន្ថយការបំភាយក្នុងបរិយាកាសឲ្យសល់ត្រឹមកម្រិតសូន្យរបស់រដ្ឋាភិបាលនូវែលសេឡង់ ដែលគ្រោងនឹងធ្វើឲ្យបានសម្រេចនៅក្នុងឆ្នាំ ២០៥០ ផងដែរ។ គេសង្ឃឹមយ៉ាងមុតមាំថា ការដាំដើមឈើ ១ ពាន់លានដើមនេះមិនត្រឹមតែបានជួយទប់ទល់ទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុក្នុងប្រទេសនូវែលសេឡង់នោះទេ តែវាក៏ជាគំរូដ៏ល្អមួយសម្រាប់រដ្ឋាភិបាលនៃប្រទេសផ្សេងទៀតអនុវត្តតាមផងដែរ៕