Milner ស៊ុតប៉េណាល់ទីជួយ Liverpool ឡើងឈរលេខ១ ក្រោយឈ្នះ Fulham ដ៏តានតឹងយប់មិញនេះ
បាល់ទាត់៖ ហង្សក្រហម Liverpool បានវិលទៅកាន់កំពូលតារាងជាថ្មីម្តងទៀត បើរាប់ពីដើមខែមីនាកន្លងមក ក្រោយបានយកឈ្នះការប្រកួតដ៏តានតឹងនៅដី Fulham ក្នុងលទ្ធផល 2-1 ក្រៅដី និងដើម្បីរក្សាកំណត់ត្រា ១០ប្រកួតមិនចាញ់ ពោលគឺឈ្នះ៦ ស្មើ៤ មិនដែលចាញ់។
យប់មិញនេះក្រុមហង្សក្រហម Liverpool បានលើកទ័ពទៅយក ៣ពិន្ទុដល់ដី Fulham ដោយការប្រកួតនៅពាក់កណ្ដាលផ្លូវនៃវគ្គទី១ ពោលគឺនាទីទី២៦ កីឡាករខ្សែប្រយុទ្ធសេនេហ្គាល់ Sadio Mane ជាអ្នករកគ្រាប់ឲ្យក្រុមបានយ៉ាងល្អ ក្រោយលេងយ៉ាងស៊ីចង្វាក់នឹង Roberto Firmino នឹងជាគ្រាប់ទី១៧ នារដូវកាលនេះ មុនពេលឈានចូលដល់វគ្គទី២ ម្ចាស់ផ្ទះមានឱកាសច្រើន រហូតដល់គ្រាប់បាល់តាមស្មើវិញនាទី៧៤ ដោយអតីតកីឡាករ Liverpool គឺ Ryan Babel ធ្វើឲ្យទស្សនិកជននៅ Craven Cottage រីករាយជាខ្លាំង ខណៈខ្លួនកំពុងព្យាយាមរើខ្លួនពីតំបន់គ្រោះថ្នាក់។
ប៉ុន្តែអ្វីៗមិនល្អប្រសើរឡើង ដោយក្រុមភ្ញៀវអាចរកគ្រាប់ជ័យជំនះរបស់ខ្លួននៅចុងវគ្គទី២ ដោយបាល់ពិន័យប៉េណាល់ទីនាទី៨១ ដោយប្រធានក្រុម James Milner បន្តឲ្យ Liverpool ទទូលជ័យជំនះទទួលបាន ៣ពិន្ទុដ៏មានសារៈសំខាន់។ ដូច្នេះ Liverpool ឡើងទៅឈរលេខ១ បណ្ដោះអាសន្នដោយមាន ៧៦ពិន្ទុ នាំមុខ ២ពិន្ទុលើក្រុម Man City ដែលនៅសល់ ១ប្រកួតក្នុងដៃ។ ប្រកួតបន្ទាប់ Liverpool ជួប Spurs នៅ Anfield នៅថ្ងៃទី៣១ មីនា ខណៈដែល Man City ទៅដី Fulham ថ្ងៃទី៣០ ផងដែរ៕