កម្ពុជា ​និង ​ចិន​ កំពុងធ្វើការ​ចរចា​អំពី​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន​ សម្រាប់​ការនាំ​ចេញ​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​ក្រៅពី​អង្ករ​ និង​ចេកអំបូង!

ក្រោយ​ពី​ចំណងមិត្តភាព​កម្ពុជា​-​ចិន​បាន​ឈាន​ដល់​ចំណុចកំពូល​និង​បាន​ក្លាយជា​មិត្តភាព​ដែកថែប កម្ពុជា​ហាក់​ផ្តោត​កាន់តែ​ខ្លាំង​លើ​ការ​នាំ​ចេញ​ផលិតផល​របស​ខ្លួន​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ជាក់ស្តែង​នាំ​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​កំពុងធ្វើការ​ចរចា​ជាមួយនឹង​មហាអំណាច​ចិន អំពី​លក្ខខណ្ឌ​តម្រូវ​ស្តី​ពី​អនាម័យ និង​ភូតគាម​អនាម័យ ដែល​នឹង​អាច​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​នាំ​ចេញ​នូវ​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​ៗ​ក្រៅពី​អង្ករ និង​ចេកអំបូង ដូច​ជា ស្វាយ ផ្លែ​មៀន ម្រេច ផ្លែ​ស្រកានាគ ផ្លែ​ដូង និង​ទឹកមាត់​ត្រចៀកកាំ ជាដើម​។

ជាមួយនឹង​ការ​រំពឹង​ទុក​នូវ​ទីផ្សារ​ដ៏​ធំ​របស់​ចិន​ក្នុង​ការ​នាំ​ចេញ​នូវ​ផលិតផល​កសិកម្ម​កម្ពុជា ក្រុមហ៊ុន​ធំ​មួយ​មក​ពី​ប្រទេស​ចិន គឺ BGI International Investment បាន​និង​កំពុង​រៀបចំ​ដី​ជាង​២​ពាន់​ហិ​កតា នៅ​ខេត្តកំពង់ធំ​សម្រាប់​ធ្វើការ​ដាំ​ដុះ កែ​ច្នៃ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម ដូច​ជា​អង្ករ ស្វាយ និង​ស្វាយចន្ទី​។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ នា​ឱកាស​ជួប​ជាមួយ​លោក He Jianping ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ជី​ប៊ី​អាយ អិន​ធើ​ណេ​សិន​ណ​ល អិន​វេស​មិន ឯ​.​ក និង​សហការី បាន​ពិភាក្សា​ការងារ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ និង​មាន​ភាព​ទូលំទូលាយ​ថែម​ទៀត​នា​ថ្ងៃ​ទី ១៦ ខែឧសភា ម្សិលមិញ​នេះ​។

នៅ​ក្នុង​ជំនួប​នោះ​ផង​ដែរ លោក វេ​ង សា​ខុន​ថា បាន​លើក​ឡើង​ថា​ចំណងមិត្តភាព​យ៉ាង​ជិត​ស្និទ្ធ​រវាង​កម្ពុជា និង​ចិន​បាន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​សម្រាប់​ប្រទេស​កម្ពុជា ដោយ​ភាគី​ចិន​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ការ​ផ្តល់​ហិរញ្ញប្បទាន និង​បច្ចេកទេស​មក​ដល់​កម្ពុជា ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​បន្ថែម​ទៀត​ថា មួយវិញទៀត ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ភាគី​ចិន​ក៏​បាន​និង​បន្ត​ផ្តល់​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ភាគី​កម្ពុជា​ផង​ដែរ ដោយ​ភាគី​ចិន​បាន​ឯកភាព​បង្កើន​កូតា​នាំ​ចូល​អង្ករ​កម្ពុជា​រហូត​ដល់​៤០០​ពាន់​តោន​។

លោក វេ​ង​សា​ខុន បាន​បន្ថែម​ថា «​ថ្មី​ៗ​នេះ ចិន​ក៏​បាន​អនុញ្ញាត​ឱ្យ​ចេកអំបូង​លឿង​កម្ពុជា​ធ្វើការ​នាំ​ចេញ​ឆ្ពោះ​ត្រង់​ទៅ​កាន់​ទីផ្សារ​ចិន ហើយ​សង្ឃឹមថា​ផលិតផល​កសិកម្ម​មួយ​ចំនួន​ទៀត​ដូច​ជា​ស្វាយ ផ្លែ​មៀន ម្រេច ផ្លែ​ស្រកានាគ ផ្លែ​ដូង និង​ទឹកមាត់​ត្រចៀកកាំ ដែល​ភាគី​ទាំង​ពីរ​កំពុងធ្វើការ​ចរចា​អំពី​លក្ខខណ្ឌ​តម្រូវ​ស្តី​ពី​អនាម័យ និង​ភូតគាម​អនាម័យ នឹង​អាច​ធ្វើការ​នាំ​ចេញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​» ។

ទន្ទឹម​នឹង​នេះ ចំនួន​នៃ​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ចិន​មក​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ក៏​បាន​និង​កំពុង​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ដូច្នេះ​លោក វេ​ង សា​ខុន បាន​បង្ហាញ​នូវ​ការ​គាំទ្រ និង​ស្វាគមន៍​ចំពោះ​បំណង​និង​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​មក​លើ​វិស័យ​នេះ ដោយ​ត្រូវ​សំដៅលើ​ការ​កែ​ច្នៃ​វេច​ខ្ចប់​វត្ថុធាតុដើម​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ​។

ជា​ការ​ឆ្លើយ​តប លោក He Jianping បាន​ឲ្យ​ដឹង​ថា​ជំនួប​នា​ថ្ងៃ​ម្សិលមិញ​ជាមួយនឹង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម គឺ​ផ្តោត​សំខាន់​ទៅ​លើ​បំណង និង​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ការ​កែ​ច្នៃ វេច​ខ្ចប់ ពិសេស​ការ​បំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​ពី​ចំណុច​ផ្តើម រហូត​ដល់​ការ​នាំ​ចេញ​តែ​ម្តង ហើយ​អ្វី​ដែល​សំខាន់​នោះ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ទីផ្សារ​កសិផល​គឺ​តាម​រយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដែល​អាច​កាត់​បន្ថយ​ពេលវេលា ការ​ចំណាយ និង​បង្កើន​ភាព​ទូលំទូលាយ​ជូន​គ្រប់​ភាគី​ពាក់ព័ន្ធ​។ លោក​ប្រធាន​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ឱ្យ​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ ក្រុមហ៊ុន​បាន​រៀបចំ​ដី​ជាង​០២​ពាន់​ហត នៅ​ខេត្តកំពង់ធំ​សម្រាប់​ធ្វើការ​ដាំ​ដុះ កែ​ច្នៃ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម ដូច​ជា​អង្ករ ស្វាយ ស្វាយចន្ទី​ជាដើម ហើយ​គម្រោង​នេះ​ក៏​ទទួល​បានការ​សហការ​គាំទ្រ​ពី​ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds