ភ្ញៀវទេសចរណ៍ស្ទើរគ្រប់ជនជាតិធ្លាក់ចុះនៅខេត្តសៀមរាប ប៉ុន្តែគ្មានចម្លើយច្បាស់លាស់ ពាក់ព័ន្ធការស្រុតចុះនេះ!
មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជាបានអះអាងថា នៅដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរណ៍អន្តរជាតិស្ទើរគ្រប់ជាតិសាសន៍ដែលបានមកទស្សនាខេត្តសៀមរាបបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ តែយ៉ាងណាមិញពាក់ព័ន្ធនឹងហេតុផលនាំឲ្យមានការធ្លាក់ចុះនេះ មិនមានប្រភពណាពន្យល់ឲ្យបានជាក់លាក់នោះទេ ។
យ៉ាងណាមិញអ្នកពាក់ព័ន្ធនឹងវិស័យទេសចរណ៍បានលើកឡើងថាដើម្បីបន្តទាក់ទាញទេសចរអន្តរជាតិមកទសន្សាខេត្តសៀមរាបឲ្យបានច្រើន គួរចាប់ផ្តើមបង្កើតនូវផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត ក្រៅពីប្រាសាទអង្គរវត្ត ។ លោក ពេជ្រ សុប៉ុនតារា ប្រធានផ្នែកបង្កើនការហោះហើរ នៃអាកាសយានដ្ឋានដែលគ្រប់គ្រងព្រលានយន្តហោះទាំងបីនៅកម្ពុជា ប្រធានផ្នែកបង្កើនជើងហោះហើរនៃក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា នៅឆ្នាំនេះភ្ញៀវទេសចរណ៍ស្ទើរគ្រប់ជនជាតិ ទាំងជនជាតិថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុននិងភ្ញៀវទេសចរណ៍ចិនមកទស្សនាខេត្តសៀមរាបបានធ្លាក់ចុះ។ លោកបានបន្តថាភ្ញៀវទេសចរណ៍ចិននៅតែកើនឡើង ប៉ុន្តែស្ថិតក្នុងកំនើនទាបធៀបជាមួយឆ្នាំមុន។
លោកបានបន្តថា «យើងបានសួរទៅកាន់ប្រតិបត្តិករទេសចរណ៍នានា ប៉ុន្តែពួកគេបានផ្តល់ចម្លើយមិនច្បាស់លាស់ ហើយយើងបាននិងកំពុងសិក្សាលើបញ្ហានេះ» ។ លោកបានបន្តថា «ខេត្តសៀមរាបគួរមានផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត ក្រៅពីប្រាសាទអង្គរវត្ត ព្រោះភ្ញៀវទេសចរណ៍បន្ទាប់ពីទស្សនាអង្គរ ពួកគេមិនដឹងទៅទីណាឡើយ សូម្បីរមណីយដ្ឋានភ្នំគូលេន ក៏យើងមិនទាន់រៀបចំបានល្អនៅឡើយ» ។ លោកបានបន្តទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣៧ បានប្រតិបត្តិការហោះហើរឡើងចុះនៅខេត្តសៀមរាប ដែលកាលពីឆ្នាំមុនយើងទទួលបានអ្នកដំណើរឆ្លងកាត់ ព្រលានយន្តហោះនេះចំនួន៤,៥លាននាក់ និងរំពឹងថាចំនួននេះស្ថិតក្នុងសភាពទ្រឹងនៅឆ្នាំនេះ។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៤ខែ ពោលគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០១៩ មានទឹកប្រាក់ចំនួនប្រមាណ៤៤,១៣លានដុល្លារអាមេរិក ថយចុះ៨,៥៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ខាងលើបានបង្ហាញផងដែរថា ចំនួនភ្ញៀវទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៩៧៣,៣០៥ នាក់ ថយចុះ ៧,៣៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោកធួន ស៊ីណានបានបដិសេធមិនអត្ថាធិប្បាយពាក់ព័ន្ធនឹងការធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរណ៍ស្ទើរគ្រប់ជាតិសាសន៍ ទៅកំសាន្តនិងទស្សនានៅខេត្តសៀមរាប ។
សូមរម្លឹកថាកន្លងមកមានតំណាងក្រុមហ៊ុនចិនចំនួន១៥ ដែលកំពុងធ្វើវិនិយោគនិងធ្វើ អាជីវកម្មនៅខេត្តសៀមរាប ក្នុងវិស័យទេសចរណ៍ សុខាភិបាល និង ពាណិជ្ជកម្ម ដឹកនាំដោយដឹកនាំដោយលោក Lu Yanwen ប្រធានក្រុមហ៊ុន យូណានគ្រុបខូអិលធីឌី ដែលត្រូវបានអនុញ្ញាតិឲ្យចូលជួបពិភាក្សានូវបញ្ហាមួយចំនួនដែលធ្វើឲ្យមានការប៉ះពាល់ដល់ក្រុមហ៊ុនរបស់ខ្លួន ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប កាលពីចុងខែមេសា កន្លងទៅក៏បានបង្ហាញពីការព្រួយបារម្ភចំពោះការថយចុះភ្ញៀវទេសចរនៅខេត្តសៀមរាបនាដើមឆ្នាំ ២០១៩ នេះផងដែរ ៕