ក្រសួងបរិស្ថាន ច្រានចោលការចេញផ្សាយរបស់សារព័ត៌មាន ABC News ទាក់ទងនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅខេត្តកោះកុង

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងបរិស្ថាន ច្រានចោលការចេញផ្សាយរបស់សារព័ត៌មាន ABC News ដែលមានមូលដ្ឋាននៅក្រៅប្រទេស ដែលបានយករូបភាពមានប្រភពមិនច្បាស់លាស់ និងរូបភាពចាស់ៗទៅកាត់ត ដើម្បីវាយប្រហាមកលើក្រសួងបរិស្ថាន​។ នេះបើយោងតាមរយៈសេចក្តីប្រកាសព័ត៌មាន ដេលបណ្តាញសារព័ត៌មាន Fast News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ​។

អ្នកនាំពាក្យក្រសួងបរិស្ថាន ចាត់ទុកការផ្សាយរបស់សារព័ត៌មាន ABC News បានផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ (Disinformation) មិនបានឆ្លុះបញ្ចាំងពីការពិត និងតថភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន នាំឱ្យសាធារណជន មានការភាន់ច្រឡំលើករណីការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

អ្នកនាំពាក្យក្រសួងបរិស្ថាន សូមធ្វើការបញ្ជាក់ជូនថា ក្រសួងបរិស្ថាន បាននឹងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៤ចំណុច ក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ តាមបទបញ្ហារបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការដៃគូអភិវឌ្ឍន៍ ប្រជាសហគមន៍នៅតាមមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់។

ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា រូបភាពដែលសារព័ត៌មានបរទេសខាងលើបានធ្វើការផ្សព្វផ្សាយទាក់ទងនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកោះកុង គឺជារូបភាពមានប្រភពមិនច្បាស់លាស់ និងរូបភាពអតីតកាលយកមកផ្សព្វផ្សាយបោកប្រាស់ ប្រឌិត និងខុសពីការពិត មានចេតនាធ្វើឱ្យសាធារណជនមានការយល់ច្រលំថាជាបច្ចុប្បន្នភាព ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍កិត្តិយសក្រសួង ស្ថាប័ន និងមុខមាត់ប្រទេសកម្ពុជា ដែលកំពុងខិតខំប្រឹងប្រែងក្នុងការអភិរក្ស គ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព»។ ករណីនេះ គឺផ្ទុយនឹងសុក្រឹតភាពនៃព័ត៌មានត្រង់ចំណុចទី៨ និងទី៩ នៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង