មន្ត្រីជាន់ខ្ពស់៖ កម្ពុជា មានភាពល្បីល្បាញចំពោះពូជត្រី និងគុណភាពត្រី និងជាប្រទេសដែលមានការបរិភោគត្រីច្រើនជាងគេនៅក្នុងតំបន់
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ប្រទេសកម្ពុជា មានភាពល្បីល្បាញចំពោះពូជត្រី និងគុណភាពត្រី និងជាប្រទេសដែលមានការបរិភោគត្រីច្រើនជាងគេនៅក្នុងតំបន់។
ថ្លែងក្នុងពិធីបើកជាផ្លូវការ“ពិព័រណ៍វារីវប្បកម្មកម្ពុជា លើកទី១” នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ លោក ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ត្រី ពិតជាមានសារៈសំខាន់សម្រាប់ជាម្ហូបអាហារទ្រទ្រង់សុខភាពប្រចាំថ្ងៃ ព្រោះត្រីសម្បូរទៅដោយប្រូតេអ៊ិនល្អ និងអូមេហ្កា៣ និង៦ ជួយប្រព័ន្ធរំលាយអាហារ ជួយកាត់បន្ថយកូឡេសស្កូរ៉ូល (Cholesterol)។ ប្រទេសកម្ពុជា មានភាពល្បីល្បាញចំពោះពូជ និងគុណភាពត្រី និងជាប្រទេសដែលមានការបរិភោគត្រីច្រើនជាងគេនៅក្នុងតំបន់។ កម្ពុជា មានភូមិសាស្ត្រអំណោយផលកការធ្វើវារីវប្បកម្ម ដោយសាអាកាសធាតុ អំណោយផលនិងសម្បូរធនធានទឹក។
លោកបន្ថែមថា គោលនយោបាយរបស់រាជដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចក្ខុវិស័យ កសិកម្មពីបន្តធានាសន្និសុខស្បៀងកម្ពុជា ភាពប្រកួតប្រជែងប្រកបដោយនិរន្តភាព ហើយវិស័យកសិកម្មនៅតែរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះគោលនយោបាយកសិកម្មមាន៤ចំណុចគឺ៖ ទី១.កសិករមានហូប ទី២.មានប្រើ ទី៣.មាឌបាន និងទី៤ មានរហូត។ មានហូប គឺសំដៅទៅលើសន្តិសុខស្បៀង។ មានប្រើ សំដៅ ដល់ការកាត់បន្ថយការនាំចូលព្រោះក្នុងស្រុកមានវត្ថុធាតុដើមជាច្រើនដែលអាចយកមកផលិតបានដោយពុំបាច់នាំចូលដូចជា ការផលិតជីសរីរាង្គ និងការផលិតសំបករថយន្តពីជ័រកៅស៊ូ-ល- និយាយជារួម និយាយដាច់ដោយឡែក ត្រីដែលយើងបានចិញ្ចឹម អាចកែច្នៃទៅជាត្រីងៀត ត្រីផ្អក ត្រីប្រាហើម ត្រីហ្វេឡេ-ល-។ មានបាន ជាគោលនយោបាយសំខាន់ថ្មីមួយ គឺសហគមន៍កសិកម្មទំនើប មានមហ្ឆិតាធ្វើឲ្យកសិករកម្ពុជាមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាកសិករមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ និងមានរហូត គឺផ្តោតទៅលើការងារអភិរក្ស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចង់បានការអភិវឌ្ឍដែលមាននិរន្តរភាព។
មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមថា រដ្ឋបាលជលផលទទួលបានជោគជ័យជាបន្តបន្ទាប់លើការផលិតកូនពូជវារីសត្វក្នុងស្រុករួមមាន៖ ត្រីព្រលូង ត្រីខ្យា ត្រីគ្រំ ត្រីពោ ត្រីឆ្លាង ត្រីត្រចៀកដំរី ត្រឹខ្ជិង ត្រីរ៉ស់ កូនបង្កង ត្រីផ្គង់ ត្រីតុកកែ ក្តាមសេះ គ្រំចំពុះទា និងបន្តស្រាវជ្រាវថែបំប៉ន ដើម្បីផលិតពូជត្រីកាន់តែធន់នឹងជំងឺ និងឆាប់លូតលាស់សម្រាប់គាំទ្រដល់សកម្មភាពវារីវប្បកម្ម។
បើតាមលោក ឃុន សាវឿន រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្ម គឺលើវិស័យអាទិភាពមួយក្នុងចំណោមវិស័យដ៏ទៃទៀត ដែលបានចូលរួមចំណែកក្នុងការភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ រាជរដ្ឋាភិបាលមានចក្ខុវិស័យ វែងឆ្ងាយក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ដើម្បីជំរុញ និងលើកកម្ពស់អភិវឌ្ឍន៍វិស័យកសិកម្មតាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ គឺ លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ នឹងរក្សាលំនឹងថ្លៃកសិផល តាមកម្មវិធីហិរញ្ញប្បទាន់ ការដាក់ពង្រាយមន្ត្រីឃុំ សង្កាត់ និងអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
សូមបញ្ជាក់ផងដែរថា ក្រសួងកសិកម្ម រៀបចំ “ពិព័រណ៍វារីវប្បកម្មកម្ពុជា លើកទី១” នៅរាជធានីភ្នំពេញ។ ពិព័រណ៍នេះធ្វើឡើង ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីវារីវប្បកម្មនៅកម្ពុជា៕