ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ត្រីធ្វើប្រហុក ផ្អកឬត្រីឆ្អើរ នឹងចាប់ផ្តើមត្រូវជាបណ្តើរៗនៅកណ្តាល និងភ្នំពេញ
(ភ្នំពេញ)៖ ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ ពោលគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ត្រីនឹងចាប់ផ្តើមត្រូវជាបណ្តើរៗហើយដែលជាពេលវេលាដល់បងប្អូនអ្នកនេសាទចង់ធ្វើប្រហុក ផ្អកឬត្រីឆ្អើរជាដើម។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៤នេះ។
សេចក្តីជូនដំណឹងបានឱ្យដឹងថា តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិង រាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។
ជាមួយគ្នានេះដែររដ្ឋបាលជលផល អំពាវនាវអោយ បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក
ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។ ទន្ទឹមនេះ រដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ សម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូនផងដែរ៕