ក្រុមអ្នកស្រាវជ្រាវរកឃើញនៅមានសត្វព្រៃកម្រចំនួន២៨ប្រភេទនៅដែនជម្រកសត្វព្រៃលំផាត់
ដែនជម្រកសត្វព្រៃលំផាត់នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗដូចជា ទន្សោង ខ្ទីង និងប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជាសកលជាច្រើនទៀត។ នេះបើយោងតាមការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។
របាយការណ៍ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ បញ្ជាក់ថា សត្វព្រៃចំនួន២៨ប្រភេទ រួមមានប្រភេទអំបូរសត្វស្វា ពាហនៈព្រៃ ក្តាន់ ខ្លាឃ្មុំ សំពោច សត្វស្លាប ឆ្មាព្រៃ និងអំបូរសត្វព្រៃជាច្រើនប្រភេទទៀត ត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ និងកំណត់អត្តសញ្ញាណ។ ដែនជម្រកសត្វព្រៃលំផាត់នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រ ដូចជាទន្សោង ខ្ទីង និងស្វាកន្ទុយសជិតផុតពូជបំផុត ដែលពួកវាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ។
ការសិក្សានេះ ត្រូវបានអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ក្រោមមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសកម្មភាព USAID មរតកបៃតង ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ ក្នុង គោលបំណងវាស់ស្ទង់ទិន្នន័យពីប្រភេទថនិកសត្វដ៏មានតម្លៃ និងផ្តល់បច្ចុប្បន្នភាព សម្រាប់ធ្វើការអភិរក្សក្រោមគម្រោងរេដបូកលំផាត់។
ការវាស់ស្ទង់ទិន្នន័យតាមម៉ាស៊ីនថតស្វ័យប្រវត្តិទ្រង់ទ្រាយធំលើកដំបូង ផ្តោតលើប្រភេទថនិកសត្វ។ ការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះនេះ ត្រូវបានធ្វើឡើងជាលក្ខណៈប្រព័ន្ធ ដែលគ្របដណ្តប់លើផ្ទៃដី១.២៧២ គីឡូម៉ែត្រការ៉េ នៃតំបន់គម្រោងរេដបូក។ ជាមួយនឹងកាមេរ៉ាចំនួន៤០ ត្រូវបានដាក់ក្នុងរយៈពេល៧.៤២៨ថ្ងៃ សម្រាប់ថតយករូបភាព។
លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា មានប្រសាសន៍ថា «ការសិក្សានេះបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងកំពុងអនុវត្តគម្រោងរេដបូកនេះពិតជាមានសារៈសំខាន់ជាសកល។ វត្តមាននៃប្រភេទសត្វដ៏អស្ចារ្យ ដូចជាខ្ទីង និងទន្សោង បានបង្ហាញពីតម្រូវការកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នា ដើម្បីការពារជម្រកព្រៃឈើដ៏សំខាន់ដែលនៅសេសសល់នេះ។ ក្រៅពីនេះដែនជម្រកសត្វព្រៃលំផាត់ បាននិងកំពុងផ្តល់ទីជម្រកដល់សត្វស្លាបតំណាងជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស រួមជាមួយនិងប្រភេទសត្វជិតផុតពូជបំផុតផ្សេងៗទៀតដូចជា សត្វត្រយងចង្កំកស និងសត្វត្មាតភ្លើងផងដែរ»។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា «ជម្រកសត្វព្រៃលំផាត់ គឺជាតំបន់ការពារធម្មជាតិមួយ ក្នុងចំណោមតំបន់គម្រោងរេដបូកនៅក្នុងប្រទេសកម្ពុជា កំពុងរៀបចំនិងអនុវត្តគម្រោងរេដបូកសម្រាប់ឥណទានកាបូន (REDD+) បានល្អ ដូចនៅតំបន់នានាផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។ កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការ៤ចំណុច ដើម្បីធានាបាននូវការការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តំបន់ការពារធម្មជាតិ ដែលសម្បូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងៗជាច្រើនទៀត»។
អ្នកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានលើកឡើងថា «កិច្ចសហការរបស់ USAID ជាមួយក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ចំពោះការអភិរក្សជីវៈចម្រុះនៅកម្ពុជា និងទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធធម្មជាតិ ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកាត់បន្ថយការបំភាយឧស្ម័នកាបូនឲ្យនៅត្រឹមសូន្យ។ USAID ពិតជាមានមោទនភាពក្នុងការគាំទ្រកម្មវិធីដែលពង្រឹងភាពក្លាហានដល់សហគមន៍ជនជាតិដើមភាគតិច ក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគេ ស្របពេលជាមួយគ្នានៃការចូលរួមការពារធនធានធម្មជាតិ និងប្រភេទសត្វជិតផុពូជរបស់កម្ពុជាផងដែរ»។
ដែនជម្រកសត្វព្រៃលំផាត់ គឺជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារដ៏ធំបំផុតរបស់ប្រទេសកម្ពុជា និងមានប្រភេទជីវៈចម្រុះដែលមិនអាចជំនួសបានផ្សារភ្ជាប់ជាមួយទីជម្រកសត្វព្រៃផ្សេងៗគ្នាជាច្រើន។ ដែនជម្រក នេះក៏ទ្រទ្រង់ជីវិតសត្វជិតផុតពូជបំផុតជាច្រើនប្រភេទដូចជាត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំកស ក៏ដូចជាប្រភេទសត្វស្លាបកម្រដ៏អស្ចារ្យដូចជា ក្រៀល និងក្ងោកផងដែរ។ តំបន់ទេសភាពនេះក៏បានទ្រទ្រង់ជីវភាពរបស់សហគមន៍ និងជនជាតិដើមភាគតិច ដែលរស់នៅក្នុង និងជុំវិញតំបន់ព្រៃឈើនេះផងដែរ។ ពួកគាត់ភាគច្រើនរស់នៅពឹងផ្អែកយ៉ាងខ្លាំងលើអនុផល និងសេវាកម្ម ដែលផ្តល់ដោយប្រព័ន្ធអេកូឡូស៊ីនៅក្នុងដែនជម្រកសត្វព្រៃសម្រាប់ចិញ្ចឹមជីវិត។
ក៏ប៉ុន្តែក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ តំបន់ទេសភាពលំផាត់ ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសកម្មភាពមនុស្សលក្ខណៈទ្រង់ទ្រាយធំ ដែលនាំទៅដល់ការបាត់បង់ព្រៃឈើ ការរិចរិលព្រៃឈើ និងការបាត់បង់ជីវៈចម្រុះ។ កត្តាចម្បងនៃការបាត់បង់ព្រៃឈើ និងជីវៈចម្រុះរួមមាន ការទន្ទ្រានព្រៃឈើសម្រាប់ការពង្រីកកសិកម្ម ការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វព្រៃខុសច្បាប់ ជាដើម។
ក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បាននិងកំពុងធ្វើការការពារព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់នេះ តាមរយៈគំនិតផ្តួចផ្តើមអភិរក្សផ្សេងៗជាច្រើនឆ្នាំមកហើយ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះ សង្ឃឹមថានឹងត្រូវបានជំរុញឱ្យកាន់តែខ្លាំងតាមរយៈការអនុវត្តគម្រោងរេដបូកលំផាត់ ដែលទទួលបានការគាំទ្រ និងថវិកាពី USAID មរតកបៃតង។
គម្រោងរេដបូកនេះផងដែរ នឹងជួយការពារព្រៃឈើសម្រាប់ស្តុកទុកកាបូន បង្កើនឱកាសវិនិយោគ ពង្រីកសកម្មភាពអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពសហគមន៍។ សកម្មភាពទាំងនេះរួមមាន ការស្តារទីជម្រកនៅតំបន់ព្រៃដីសើម ការពង្រឹងការចូលរួមរបស់សហគមន៍ មូលដ្ឋានក្នុងការល្បាត និងរួមគ្នាគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេ ការលើកកម្ពស់កម្មវិធីដាំស្រូវសរីរាង្គមិត្តភាពសង្រ្គោះសត្វព្រៃ (អាយប៊ីសរ៉ាយស៍) កម្មវិធីស្វាយចន្ទីគ្មានការ កាប់បំផ្លាញព្រៃឈើ និងការពង្រឹង ភាពអង់អាចដល់យុវជនក្នុងការអភិរក្ស ជាដើម៕