ទីផ្សារនៃបន្លែធម្មជាតិនៅក្រុងសែនមនោរម្យ ហាក់ធ្លាក់ចុះ ដោយសារការវាយលុកខ្លាំងពីបន្លែនាំចូលពីប្រទេសជិតខាង
មួយរយៈចុងក្រោយនេះ ទីផ្សារនៃបន្លែធម្មជាតិនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហាក់ធ្លាក់ចុះ ដោយសារការវាយលុកខ្លាំងពីបន្លែនាំចូលពីប្រទេសជិតខាង យ៉ាងច្រើនសន្ធឹកសន្ធាប់។
លោក ផិន ផន អនុប្រធានសហគមន៍កសិកម្មបន្លែសាមគ្គីមនោរម្យ បានអោយដឹងថា លោកបានប្រកបមុខរបរកសិកម្មដាំបន្លែនេះតាំងពីឆ្នាំ២០០៦ មកម្លេះ ហើយនៅឆ្នាំ២០១៦ លោកបានចូលជាសមាជិកសហគមន៍បន្លែកសិកម្ម ឬបន្លែសុវត្ថិភាព ដែលមានឈ្មោះថា “សាមគ្គីមនោរម្យ”។ បន្លែដែលលោកបានដាំនាពេលកន្លងមក មានដូចជា សណ្តែកកួរ ស្ពៃក្ដោប ឆៃថាវ ស្ពៃបូកគោ ការ៉ុត ត្រប់ និងខាត់ណា ប៉ុន្តែដើម្បីតម្រូវទីផ្សារ និងបានបន្ថែមដំណាំបួនមុខទៀតនាឆ្នាំចុងក្រោយនេះ រួមមានមើមយ៉េន ដំឡូងបារាំង ខ្ទឹមស ខ្ទឹមក្រហម។
លោកថា ចាប់តាំងពីលោកចូលជាសមាជិកសហគមន៍ និងដោយមានការជួយជ្រោមជ្រែងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោកបានផ្គត់ផ្គង់បន្លែ ទៅឲ្យក្រុមហ៊ុន មាសបៃតង នៅរាជធានីភ្នំពេញ ហើយអាចរកចំណូលបានគួរសមដើម្បីផ្គត់ផ្គង់ជីវភាព។
លោកថា បច្ចុប្បន្នទីផ្សារនៅក្រុងសែនមនោរម្យវិញ ហាក់មិនសូវមានហាងឆេងប៉ុន្មាននោះទេ ដោយសារបន្លែវាយលុកពីប្រទេសជិតខាង។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ មេត្តាជួយគាំទ្របន្លែដែលដាំដោយកសិករក្នុងខេត្ត ក៏ដូចជាបន្លែធម្មជាតិរបស់បងប្អូនជនជាតិដើមភាគតិច ដែលមិនប្រើប្រាស់សារធាតុគីមី ដើម្បីសុខភាពល្អ៕