លោកសំ សឿន ចាត់ទុកការប្រគល់ «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» ជូនដល់សម្តេចតេជោ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗគ្នា

ភ្នំពេញ៖ ប្រធានសហភាពជាតិពលកម្មជាតិកម្ពុជា ចាត់ទុកការប្រគល់ «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» ជូនដល់សម្តេចតេជោ នៅពេលនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងជាការឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការតស៊ូរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ និងការស្វែងរក ព្រមទាំងការពារសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ សម្រាប់សង្គមជាតិនៃយើង។

លោកសំ សឿន អះអាងថា កាប្រគល់ពានដល់សម្តេចតេជោ ហ៊ុន សែន ជាការអោយតម្លៃយ៉ាងខ្លាំង ក្នុងការរួមចំណែកដ៏ធំធេងរបស់សម្តេចតេជោ ប្រកបដោយពលិកម្មគ្រប់បែបយ៉ាង សូម្បីជីវិតសម្តេចផ្ទាល់ ក្នុងបុព្វហេតុសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ធ្វើឱ្យប្រជាជនទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ រួមរស់ជាមួយគ្នាដោយសន្តិភាព និងភាពអត់ឱន ជាមួយនឹងភាពសុខដុមរមនាផ្នែកសង្គម និងសាសនា និងការអភិវឌ្ឍ ប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។

លោកថា «ការផ្តល់ជូនពានរង្វាន់ដ៏លេចធ្លោដំបូងគេមិនធ្លាប់មានរបស់ IPTP/GCTP នេះ គឺជាការទទួលស្គាល់ជាសកលនូវការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដោយមិនខ្លាចនឿយហត់របស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងវិបុលភាពពេញលេញដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប»

លោកបន្ថែមថា នេះជាមេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលសម្តេចតេជោ ហ៊ុន សែន បានដឹកនាំនាវាកម្ពុជាចេញពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំ ពោរពេញដោយសមត្ថភាព និងអនុវត្តជាក់ស្ដែងប្រកបដោយសុភវិនិច្ឆយ ដែលបានសាបព្រោះនូវស្មារតីតម្លៃនៃមនុស្សជាតិ និងប្រជាធិបតេយ្យក្រោមទម្រង់ក្នុង ការកសាងសន្តិភាព និងផ្សះផ្សាជាតិ។

បើតាមលោកសំ សឿន ការផ្តល់ពានរង្វាន់ នេះ សបញ្ជាក់អោយឃើញថា ការគ្រប់គ្រងរដ្ឋក្នុងអំឡុងពេលកាន់តំណែងជាច្រើន អាណត្តិរបស់សម្តេច និងភាពជាអ្នកដឹកនាំនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន មានភាពភ្លឺស្វាង ពីព្រោះសម្តេចបានដាក់ប្រជាពលរដ្ឋជាបេះដូងនៃការកសាងសន្តិភាព និងការកសាងប្រទេសជាតិ ដោយផ្តោតទៅលើសុខដុមរមនាក្នុងសង្គម និងសាសនា និងរួមបញ្ចូល សមធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងការរួមរស់ដោយសន្តិភាព និងការអត់ឱន។ ក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការរង្វាន់ មានសោមន្សរីករាយចំពោះគុណតម្លៃដ៏ឧត្តុង្គឧត្តម ទាំងនេះដែលសម្តេចតេជោ ហ៊ុន សែន បានលះបង់ដើម្បីកសាងប្រទេសជាតិឡើងវិញ រួមទាំងការអភិវឌ្ឍជនបទ ការអភិវឌ្ឍធនធានមនុស្ស ច្បាប់ និងការធ្វើកំណែទម្រង់ស្ថាប័ន និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ក្នុងការកសាងប្រទេសឡើងវិញក្រោយជម្លោះ។

សូមបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានសភាអន្តរជាតិ ដើម្បីការអត់ឱន និងសន្តិភាព (IPTP) នៃក្រុមប្រឹក្សាសកល ដើម្បីការអត់ឱន និងសន្តិភាព (GCTP) ប្រគល់ «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» នៅក្នុងសម័យប្រជុំពេញអង្គ លើកទី១១ របស់ IPTP នាថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង
Open