ប្រធាន NLC ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមទទួលបានពានរង្វាន់ “ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក”
ភ្នំពេញ៖ ប្រធានសហភាពពលកម្មជាតិកម្ពុជា ( NCL )បានអោយដឹងថា ពានរង្វាន់ “ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” ដែលប្រគល់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺពិតជាបានឆ្លុះបញ្ចាំងទៅនឹងសមត្ថភាពទេពកោសល្យ ជាពិសេសលក្ខណៈសម្បត្តិ នៃភាពជាអ្នកដឹកនាំរបស់សម្តេចធិបតី។
ថ្លែងប្រាប់ Fast News នាថ្ងៃទី២៨ ខែវិច្ឆិកា នេះ លោកសំ សឿន បានអោយដឹងថា រយៈពេលជាង១ឆ្នាំចុងក្រោយ ដែលសម្តេចធិបតីជានាយករដ្ឋមន្ត្រី គឺសម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗជាច្រើនសម្រាប់ប្រទេសកម្ពុជា។ សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ជាច្រើនក្នុងរយៈពេលជាង១ឆ្នាំនេះ គឺត្រូវបានលេចចេញជារូបរាងពិតប្រាកដនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកក្នុងដំណាក់កាលកូវីដ-១៩ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ គឺសម្តេចធិបតី និងលោកជំទាវពេជ្រ ចន្ទ័មុនី បានប្រយុទ្ធយ៉ាងខ្លាំងជាមួយនឹងជំងឺកូវីដ-១៩ គឺទទួលបាននៅសមិទ្ធផលដ៏ធំធេងបំផុតដែលជាស្នាដៃដ៏សំខាន់សម្រាប់ប្រទេសជាតិ។
ប្រធានសហភាពពលកម្មជាតិរូបនេះ បានបន្តថា ពានរង្វាន់ “ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” គឺពិតជាស័ក្តិសមសម្រាប់សម្តេចធិបតី ក្នុងការទទួលបាន។ មិនគ្រាន់តែជាកិត្តិយសសម្រាប់សម្តេចធិបតីផ្ទាល់ទេ ក៏ប៉ុន្តែវាជាកិត្តិយសសម្រាប់ប្រជាជាតិកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ហើយក៏ជាភាពជាគំរូមួយសម្រាប់ប្រទេសនៅក្នុងតំបន់ មេដឹកនាំនៅក្នុងតំបន់ផងដែរ។
សូមរំលឹកផងដែរថា សម្តេចធិបតីមុនពេលក្លាយជានាយករដ្ឋមន្ត្រី និងពិនិត្យទៅលើប្រវត្តិនៃការអប់រំបណ្តុះបណ្តាលរបស់សម្តេចធិបតី គឺសម្តេចជាឥស្សរជនជាន់ខ្ពស់ទទួលការបណ្តុះបណ្តាលជាន់ខ្ពស់នៅប្រទេសលោកខាងលិច ហើយសុទ្ធតែជាសញ្ញាបត្រដែលមានភាពប្រេទាក់ក្រឡាគ្នាក្នុងភាពជាអ្នកដឹកនាំប្រទេស។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានពានរង្វាន់ “ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” ពីវិទ្យាស្ថានយុទ្ធសាស្ត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (KSI)។ ការប្រគល់ពានរង្វាន់ “ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” ជូនសម្តេចធិបតី គឺដោយលោក តាន់ស្រ៊ី មីសែល យ៉ាវ ( Tan Sri Micheal Yeoh) ប្រធានវិទ្យាស្ថាន KSI ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕