ឆ្នាំ២០២៤ ក្រសួងរ៉ែ ប្រមូលចំណូលពីវិស័យរ៉ែ ជា​ចំណូល​មិន​មែន​សារ​ពើពន្ធ កើនដល់ប្រមាណជិត$៩០ លាន

ភ្នំពេញ ៖ ឆ្នាំ២០២៤ នេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលពីវិស័យរ៉ែ ជា​ចំណូល​មិន​មែន​សារ​ពើពន្ធ កើនដល់ប្រមាណជិត ៩០ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៧០% ធៀបឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ និងថាមពល។

ថ្លែងនៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២៤ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ ២០២៥ នៅថ្ងៃទី ២១ ខែ វិច្ឆិកា នេះលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ និងថាមពល បានអោយដឹងថា ទាក់ទិនវិស័យរ៉ែ និង ថាមពល បានកាត់​បន្ថយ​ការិយា​ធិប​តេយ្យ ដើម្បីសម្រួលដល់ការផ្តល់សេវា និងគាំទ្រវិស័យឯកជន និងវិភាគទាន​របស់​វិស័យ​រ៉ែ​ជូន​រដ្ឋ, ក្នុងអាទិភាពនេះ ក្រសួងបានកាត់បន្ថយភាពសាំញ៉ាំ និងបង្កើត​ទីលាន​ប្រកួត​ប្រជែង​មួយដែ​ល​មាន​លក្ខណៈស្មើភាព ដោយយកច្បាប់ និងគោលការណ៍ជាគោល។

លោកថា ចំពោះការប្រមូលចំណូលវិស័យរ៉ែដែលសម្រេចបានប្រមាណជិត ៩០ លាន​ដុល្លារ​អាមេរិកខាងលើនេះ ក្នុងនោះតាមការប៉ាន់ស្មាន, ចំណូលសារពើពន្ធ​នៃ​អាជីវក​ម្ម​រ៉ែមាស​ បានប្រមាណជិត ៣១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។ ដោយ​ឡែក​ចំណូល​ពី​អាករ​លើ​ការនាំចេញផលិតផលរ៉ែគ្រប់ប្រភេទ បានប្រមាណ ៣១,៣លានដុល្លារអាមេរិក ក្នុង​ឆ្នាំ​២០២៣ និង កើនដល់ប្រមាណ ៦១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង