រដ្ឋសភា បោះឆ្នោតឯកភាពទាំងស្រុងលើការតែងតាំង លោក ប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេស

ភ្នំពេញ៖ រដ្ឋសភា បានបោះឆ្នោតឯកភាពទាំងស្រុងលើការតែងតាំង លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងការតែងតាំងលោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្តី។

រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នេះជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកទី២ហើយ ដោយលើកទី១ ត្រូវបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយ លោក សុខ សូកេន ផ្លាស់ទៅជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច ហើយលោក ហួត ហាក់ ផ្លាស់ទៅជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំនួស លោក សុខ សូកេន។

លោក ប្រាក់ សុខុន វ័យ៧០ឆ្នាំ គឺជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ ក្នុងពេល សម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តី។ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ និងក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ លោកត្រូវតែតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា។ លោកក៏ធ្លាប់ជារដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ផងដែរ។

លោក សុខ ចិន្តាសោភា បានចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសនេះ នៅរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលរហូតមកដល់ពេលនេះមានរយៈពេលប្រមាណ ១៤ខែប៉ុណ្ណោះ។

ក្នុងការបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ ​ធ្វើឡើងក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាជិកសភាចូលរួមសរុប១១២រូប៕

អត្ថបទដែលជាប់ទាក់ទង