៦ឆ្នាំពលរដ្ឋជាង៧លាននាក់ បានទទួលនូវការជួយគាំទ្រនានាពីរដ្ឋាភិបាលនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម
ក្នុងរយៈពេល៦ឆ្នាំមកនេះ ប្រជាពលរដ្ឋជាង៧លាននាក់ បានទទួលនូវការជួយគាំទ្រនានាពីរដ្ឋាភិបាលនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលគិតជាទឹកប្រាក់មានជា៤,៣ ពាន់លានដុល្លារ ខណៈក្នុងរយៈពេល៤៦ខែនៃកញ្ចប់ថវិកាពិសេសអំឡុងការផ្ទុះការរីករាលដាលនៃជំងឺកូវិដ១៩ រដ្ឋាភិបាលបានចំណាយនូវទឹកប្រាក់ជាង១, ៣៦ ពាន់លានដុល្លារ សម្រាប់គ្រួសារមានបណ្ណសមធម៌ជាង៧០ម៉ឺនគ្រួសារ។
ថ្លែងនៅក្នុងកម្មវីធី សន្និសីទជាតិ ស្តីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជានៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិការ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអោយដឹងថា ចាប់តាំងពីរាជរដ្ឋាភិបាលបានអនុម័តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ នៅឆ្នាំ២០១៧ មក, ការដាក់ចេញនូវ អន្តរាគមន៍គាំពារសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីគាំពារពលរដ្ឋ នាពេលកន្លងទៅ រួមមាន ការពង្រឹងភាពធន់របស់ពលរដ្ឋ ដោយផ្តល់ការគាំពារ តាមរយៈកម្មវិធីជាតិ ជំនួយសង្គម និង របបសន្តិសុខសង្គម ជាប្រក្រតី ដោយផ្តោតលើការអភិវឌ្ឍ មូលធនមនុស្ស, សមត្ថភាព និង កាលានុវត្តភាពការងារ; និង ការជួយរក្សាលំនឹងជីវភាពពលរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈ ការផ្តល់នូវការគាំពារបន្ថែម ដោយប្រកាន់ខ្ជាប់នូវស្មារតី «មិនបោះបង់ ពលរដ្ឋណាម្នាក់» ។
លោកថា «ខ្ញុំសូមបញ្ជាក់បន្ថែមថា វិសាលភាពរបស់ប្រព័ន្ធគាំពារសង្គមបានរីកធំជាងមុនជាង២ដង, បើធៀបនឹងឆ្នាំ ២០១៧, ដោយ បច្ចុប្បន្នប្រព័ន្ធគាំពារសង្គមកំពុងគ្របដណ្តប់ពលរដ្ឋជាង៧លាននាក់, ខណៈដែល ចំណាយថវិកាជាតិ ក៏បានកើនធំជាងមុនជាង៣ដង»។
លោកបានគូសបញ្ជាក់ថា គិតជាមធ្យមអ្នកទទួលផលម្នាក់ៗទទួលបាននូវថវិកាចំនួន៤,៧ លានរៀល សមមូលនឹង១ ១៨៥ ដុល្លារអាម៉េរិក ក្នុងនោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលត្រូវបានអនុវត្តរយៈពេល ៤៦ខែ បានចំណាយថវិកាជាតិសរុបប្រមាណ៥,៤ ទ្រីលានរៀល សមមូលនឹង១, ៣៦ពាន់លានដុល្លារអាម៉េរិកសម្រាប់គ្រួសារមានបណ្ណសមធម៌ជាង៧០ម៉ឺនគ្រួសារ ដោយគ្រួសារនីមួយៗ ទទួលបានថវិការឧបត្ថម្ភជាមធ្យមចំនួន១ ៩៤៩ ដុល្លារឬ៤២ដុល្លារ ក្នុងមួយខែឬ៥០៤ដុល្លារក្នុងមួយឆ្នាំ។
លោកថា បើគិតជារួមទំហំចំណាយ ថវិកាសរុបលើប្រព័ន្ធគាំពារសង្គមមានចំនួនជាង ១៧,៥ ទ្រីលានរៀល សមមូលនឹង ប្រមាណ៤,៣ប៊ីលានដុល្លារអាម៉េរិក ចាប់តាំងពីរាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមក្នុងឆ្នាំ២០១៧មក។
លោកឧបនាយករដ្ឋមន្រ្តី បន្ថែមថា «ការទទួលបានថវិកាឧបត្ថម្ភនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុង ការជួយសម្រួល និងការរក្សាលំនឹងជីវភាពគ្រួសារពលរដ្ឋ ទាំងក្នុងពេលប្រក្រតី និងពេលមានគ្រោះអាសន្ន ព្រមទាំងបានធ្វើឱ្យស្ថានភាពសុខភាព និងការអប់រំរបស់សមាជិកគ្រួសារមានភាពប្រសើរឡើងផងដែរ»៕