ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទឹកចិត្តអោយដៃគូអភិវឌ្ឍន៍ ឱ្យបន្តកិច្ចសហការគ្នាអោយកាន់តែសកម្មជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ
ថ្លែងនាឱកាសដែលអញ្ជើញជាអធិបតីភាពក្នុង សន្និសីទជាតិ ស្តីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកទឹកចិត្តអោយដៃគូអភិវឌ្ឍន៍ ឱ្យបន្តកិច្ចសហប្រតិបត្តិការល្អ និងកាន់តែសកម្ម ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់ការគាំទ្រចាំបាច់នានា ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យកាន់តែប្រសើរ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
លោកបានអោយដឹងថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភាដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តបោះជំហានដោយវីរភាព និងភាពប្រាកដនិយម ក្នុងការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមបន្ថែមទៀត តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ក្នុងនោះ រួមមានកម្មវិធីគោលនយោបាយអាទិភាពចំនួន៣ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដូចខាងក្រោម៖
ទី១- ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ទី២- កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ; និងទី៣- ការធ្វើស្ថាប័នូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ, និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន។ ការអនុវត្ត កម្មវិធីគោលនយោបាយអាទិភាពទាំង៣នេះ បាននឹងកំពុងជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតបន្ថែមទៀតក្នុងឆ្នាំ ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត ។
ដើម្បីឱ្យប្រព័ន្ធគាំពារសង្គមកម្ពុជា កាន់តែទទួលបានការទុកចិត្ត ពីសំណាក់ពលរដ្ឋ, ជាពិសេស ក្នុងចំណោមអ្នកទទួលផល លោកបានណែនាំអោយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្ថែមការយកចិត្តទុកដាក់ លើការផ្ដល់សេវា ទាំងអស់នេះ ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ ដែលអាចផ្ដល់កម្ម-វិបាកអវិជ្ជមាន លើការអនុវត្តគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល។
ដោយឡែកសម្រាប់ដៃគូអភិវឌ្ឍន៍ លោកបានលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការល្អ និងកាន់តែសកម្ម ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់ការគាំទ្រចាំបាច់នានា ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យកាន់តែប្រសើរ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកបន្ថែមថា ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុនជាង២ដង បើធៀបនឹងឆ្នាំ២០១៧ ដោយបច្ចុប្បន្នប្រព័ន្ធគាំពារសង្គមកំពុងគ្របដណ្តប់ពលរដ្ឋជាង ៧ លាននាក់ ខណៈដែលចំណាយថវិកាជាតិ ក៏បានកើនធំជាងមុន ជាង៣ដង។ បើគិតជារួម, ទំហំចំណាយថវិកាសរុប លើប្រព័ន្ធគាំពារសង្គម មានចំនួនជាង ១៧,៥ ទ្រីលានរៀល, សមមូលនឹង ប្រមាណ ៤,៣ ប៊ីលានដុល្លារអាម៉េរិក, ចាប់តាំងពីរាជរដ្ឋាភិបាល បានដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ក្នុងឆ្នាំ២០១៧ មក ។
ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ លើប្រព័ន្ធគាំពារសង្គមនេះ បាននាំមកនូវផ្លែផ្កាគួរជាទីមោទនៈ សម្រាប់គ្រួសារ និង ពលរដ្ឋ ដែលទទួលផល ។ គិតជាមធ្យម, អ្នកទទួលផលម្នាក់ៗ ទទួលបាននូវថវិកាចំនួន ៤,៧ លានរៀល, សមមូលនឹង ១ ១៨៥ ដុល្លារអាម៉េរិក, ក្នុងនោះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩, ដែលត្រូវបានអនុវត្តរយៈពេល ៤៦ ខែ, បានចំណាយថវិកាជាតិសរុបប្រមាណ ៥,៤ ទ្រីលានរៀល, សមមូលនឹង ១ ៣៦០ លានដុល្លារអាម៉េរិក, សម្រាប់គ្រួសារមានបណ្ណសមធម៌ ជាង ៧០ ម៉ឺនគ្រួសារ, ដោយគ្រួសារនីមួយៗ ទទួលបានថវិការឧបត្ថម្ភជាមធ្យមចំនួន ១ ៩៤៩ ដុល្លារ ឬ ៤២ដុល្លារ ក្នុងមួយខែ ឬ៥០៤ ដុល្លារក្នុងមួយឆ្នាំ៕