ឃាត់ខ្លួនក្រុម DP Zin ដើមពោធិ៍ ចំនួន១៥នាក់ ដែលពូកែដេញកាប់គេដើម្បីកាត់សាញ
កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ បំបែកសំណុំរឿងដេញកាប់ទៅលើយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដោយក្នុងនោះឃាត់ខ្លួនក្រុមជនសង្ស័យ (DP Zin ដើមពោធិ៍)ចំនួន១៥នាក់។
ប្រតិបត្តិការចុះឃាត់ខ្លួនក្រុមបងធំ DP Zin (ដើមពោធិ៍) នេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ២០២៤ នៅចំណុចទីតាំងបុកប៊ីយ៉ា មួយកន្លែង ស្ថិតក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមDP Zin (ដើមពោធិ៍) តែងតែធ្វើសកម្មភាពជិះដើរកាប់ជនរងគ្រោះ(កាត់សាញ) ហើយក្រុមនេះ មានមេបក្សម្នាក់ ឈ្មោះ អាម៉ាប់ធំ (ឃាត់ខ្លួន) ជាអ្នកដឹកនាំ និងរក្សាទុកអាវុធ។ និងបក្សពួកចំនួន១៤នាក់ ទៀតពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ ព្រោះសមត្ថកិច្ចកំពុងសាកសួរបន្ថែម។
សមត្ថកិច្ច បន្តទៀតថា កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈយុវជនរងគ្រោះ២នាក់កំពុងជិះម៉ូតូម៉ាកហុងដា Zoomer-X ១គ្រឿងឌុបគ្នា នៅតាមផ្លូវស្ថិតនៅក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែក្រុមបងធំខាងលើមានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿងដេញកាប់ ជាហេតុធ្វើឲ្យជនរងគ្រោះភ័យជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ បន្ទាប់មកក្រុមទាំងនោះបាននាំគ្នាគេចខ្លួនបាត់អស់។
លុះដល់រសៀលថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤ នេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រុងភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការកំណត់មុខសញ្ញា និងទីតាំងលាក់ខ្លួន ទើបឈានដល់ការឡោមព័ទ្ធឃាត់ខ្លួនបាន១៥នាក់ ក្នុងនោះស្រីម្នាក់ និងដកហូតបានម៉ូតូជាង១០គ្រឿង រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមច្បាប់៕