ប្រទះឃើញកូនផ្សោតទី៩ នៅក្នុងឆ្នាំ២០២៤ ដែលជាចំនួនច្រើនមិនធ្លាប់មាន នៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ
ភ្នំពេញ៖ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាល នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា កូនផ្សោតនេះ មានសុខភាពល្អប្រសើរ និងស្ថិតក្នុងហ្វូងផ្សោតធំៗចំនួន ២ទៀត។
ក្រសួងកសិកម្ម បានឲ្យដឹងទៀតថា នេះគឺជាកូនផ្សោតទី៩ ដែលបានកើតនៅក្នុងឆ្នាំ ២០២៤ ជាអត្រាកំណើតច្រើនពុំធ្លាប់មានទេ បើគិតចាប់តាំងពីឆ្នាំ ២០២១មក។ នៅឆ្នាំ២០២១ កម្ពុជាមានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល និងផ្សោតស្លាប់ចំនួន ៩ក្បាល។ នៅឆ្នាំ២០២២ ផ្សោតកើតថ្មីមានចំនួន ៦ក្បាល និងស្លាប់ទៅវិញចំនួន ១១ក្បាល។ ចំណែកឆ្នាំ២០២៣ មានផ្សោតកើតចំនួន ៨ក្បាល និងស្លាប់ចំនួន៥ក្បាល និងនៅឆ្នាំ២០២៤ គិតត្រឹមដើមខែវិច្ឆិកា ផ្សោតកើតមានចំនួន ៩ក្បាល និងស្លាប់ទៅវិញចំនួន ៣ក្បាលប៉ុណ្ណោះ។
ក្រសួងកសិកម្ម បានអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា និងការពារធនធានជលផល ដែលជារតនាសម្បត្តិរបស់ជាតិដ៏មានតម្លៃ។ ក្រសួងបានបញ្ជាក់បន្ថែមថា ប្រសិនបើប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕