អភិបាលខេត្តកណ្តាល ណែនាំកីឡាករចំណុះទូកទាំងអស់ គោរព វិន័យឲ្យបានមុឺងម៉ាត់ នៅពេលប្រកួត
អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានណែនាំក្រុមកីឡាចំណុះទូកទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ ពេលប្រកួតឲ្យបានម៉ឹងម៉ាត់ តាមគោលការណ៍របស់ខេត្ត ដើម្បីឲ្យការប្រកួតទទួលបានជោគជ័យល្អប្រសើរ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាល ជាមួយកីឡាករចំណុះទូកទាំងអស់ នៅថ្ងៃទី១៧តុលាឆ្នាំ២០២៤នេះ
លោកគួច ចំរើន អភិបាលខេត្តកណ្តាល បានកោតសរសើរចំពោះក្រុមកីឡាករចំណុះទូកទាំងអស់ ដែលបានចូលរួម បានញុាំងឲ្យការរៀបចំពិធីនេះ មានភាពអធីកអធមក្រៃលែង។
បើតាមលោកអៈបាលខេត្ត ការប្រណាំងទូកនាពេលនេះ គឺមិនគ្រាន់តែ នាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព ប៉ុណ្ណោះទេ ប៉ុន្តែវាបានរក្សា នូវប្រពៃណី ទំនៀមទម្លាប់ របស់បុព្វបុរស យើងមានតាំងពីយូរយា មកហើយ។
លោកសង្កត់ធ្ងន់ថា ការប្រឡងប្រណាំងមានឈ្នះមានចាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវបង្កើនសមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជ័យលាភី ជូនមូលដ្ឋាន របស់ខ្លួន ឲ្យល្អបានប្រសើរបំផុត។
គួរបញ្ជាក់ថា៖ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧-១៨តុលា២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់ ក្នុងនោះ មានទូកចូលរួមប្រណាំងចំនួន៦៦ទូក ក្នុងនោះ ទូកអុំចំនួន៣៣ទូក ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក ។ ទូកចូលរួមប្រណាំងទាំងអស់ គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានី ភ្នំពេញចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន០២ទូក, មានកម្លាំងចំណុះទូកសរុប ៣.៩៩៤នាក់៕