ជិត១០ឆ្នាំ សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp រកចំណូលជិត$១៧ម៉ឺន

រយៈពេលជិត១០ឆ្នាំពោលគិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០២៤នេះ សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ២.៤៤៧ នាក់ និងរកចំណូលសរុបបានប្រមាណ១៦៩.៥៩៤ ដុល្លារអាម៉េរិក។ នេះបើតាមការឱ្យដឹងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជា។

អង្គការ WCS បន្តថា បច្ចុប្បន្ន តំបន់ជម្រកសត្វស្វាកន្ទុយសនិងទោចថ្ពាល់លឿងក្នុងសហគមន៍អណ្តូងក្រឡឹង ក្នុងភូមិសាស្ត្រឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ជាទេសចរបរទេសឱ្យមកទស្សនាកម្សាន្ត។

អង្គការ WCS បានផ្តួចផ្តើមសម្របសម្រួលរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp នៅឆ្នាំ២០១៣ ហើយចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០១៤ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាកម្សាន្ត តាមរយៈការដើរក្នុងព្រៃ និងលើកកម្ពស់ការយល់ដឹងនៃការអភិរក្សព្រៃឈើនិងសត្វព្រៃ។

មន្ត្រីនៃអង្គការ WCS បាននិយាយថា ទោះបីជាទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដក៏ដោយ ក៏ជំរំទោចថ្ពាល់លឿងបានបន្តទទួលភ្ញៀវទេសចរប្រមាណ១០០ក្រុម រួមទាំងឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា ភាពយន្តឯកសាររបស់ BBC និងទេសចរចូលមើលសត្វស្លាប ក្នុងឆ្នាំ២០២២។ អង្គការ WCS បានផ្ដល់មូលនិធិគាំទ្រការលើកកម្ពស់ការពង្រីកសហគមន៍អេកូទេសចរណ៍ «ជំរំទោច» រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត (មជ្ឈមណ្ឌលស្រាវជ្រាវ កន្លែងស្នាក់នៅថ្មីសម្រាប់ភ្ញៀវ និងបរិក្ខារផ្សេងៗទៀត)។

លោក Chris Iverson ទីប្រឹក្សាបច្ចេកទេសអេកូទេសចរណ៍នៅគម្រោងសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp របស់អង្គការ WCS បានបញ្ជាក់ថា «យើងបានសាងសង់កន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋាន ខ្ទមស្នាក់នៅចំនួន៣ និងមជ្ឈមណ្ឌលស្រាវជ្រាវមួយ ដែលបើកឱ្យនិស្សិតស្រាវជ្រាវទាំងក្នុងស្រុក និងអន្តរជាតិ ។

ក្រុមអ្នក ស្រាវជ្រាវរបស់អង្គការWCS និងមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចុប្បន្នតំបន់ជម្រកសត្វស្វាកន្ទុយស និងទោចថ្ពាល់លឿងក្នុងសហគមន៍អណ្តូងក្រឡឹង ក្នុងភូមិសាស្ត្រឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី បាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ជាពិសេសទេសចរបរទេសឱ្យមកទស្សនាកម្សាន្ត។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលមិនត្រឹមតែជាដែនជម្រកសត្វព្រៃមានព្រៃស្រោង និងអាចលក់ឥណទានកាបូននោះទេ តែក៏ជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនទៀតដែរ។ ក្នុងអំឡុងពេលដឹកនាំអ្នកសារព័ត៌មាន ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការអនុវត្តគម្រោងរេដបូកលក់ឥណទាន កាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៤

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃកែវសីមាមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទដែលប្រភេទសត្វនិងរុក្ខជាតិ ៧៥ ប្រភេទជាប្រភេទរងការគំរាមកំហែងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

លោកបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមសហការគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដែលមាន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ស្ថិតិសត្វស្វាកន្ទុយសដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណជាង ២ម៉ឺនក្បាល ហើយភាគច្រើនមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយសត្វទោចថ្ពាល់លឿងមានចំនួនប្រមាណ១.២០០ក្បាល៕

អត្ថបទដែលជាប់ទាក់ទង