ស្រុក​ចំនួន​៤ នៅក្នុងខេត្តក្រចេះ បាន​រង​ផល​ប៉ះពាល់​ ដោយសារទឹកជំនន់

ខេត្តក្រចេះ ៖ ដោយសារ​ឥទ្ធិពល​ពី​ចំហាយ​នៃ​ខ្យល់ព្យុះ​ពី​ប្រទេស​ជិតខាង និង​មាន​ភ្លៀង​ធ្លាក់​ផង​នោះ ខេត្តក្រចេះ​បាន​រង​ផល​ប៉ះពាល់​ដោយសារទឹកជំនន់ទៅ​ដល់​ឃុំ ចំនួន​១៨​ឃុំ ក្នុងស្រុក​ចំនួន​៤ គឺ​ស្រុក​ចិត្រ​បុរី ស្រុក​ព្រែក​ប្រសព្វ ស្រុក​ឆ្លូង និង​ស្រុក​សំបូរ។ នេះជាការអោយដឹងរបស់លោក គង់ គឹ​ម​នី អភិបាលរង​ទទួល​បន្ទុក​គ្រោះ​មហន្តរាយ​ថ្នាក់​ខេត្ត។

ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​សរុប ចំនួន​១.៧០១ គ្រួសារ​ស្មើនឹង​៦.៣៧៩​នាក់ ស្រី​ចំនួន ៣.៧៤៨ នាក់ ។ លិច​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​១៩៣​ខ្នង សាលារៀន​ចំនួន ៤​កន្លែង វត្ត និង​វិហារ​សាសនា ចំនួន​៣ កន្លែង និង​អាគា​រដ្ឋបាល​១​កន្លែង ។

ដោយឡែកវិស័យ​កសិកម្ម​រង​ផល​ប៉ះពាល់​ដល់​ស្រូវ​សន្ទូង និង​ពង្រោះ​សរុប​ចំនួន ១.១២៤ ហិ​កតា និង​ដំណាំ​រួម​ផ្សំ សរុប​ចំនួន​៣៩​ហិ​កតា​ព្រមទាំង​ជម្លៀស​សត្វ​គោ ក្របី សរុប​ចំនួន​៧៨០​ក្បាល ។ ចំពោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រង​ផល​ប៉ះ ពាល់​ដោយ​មានការ​លិច​ផ្លូវ​គ្រួ​ស​ក្រហម ប្រវែង​សរុប​៣៥.៦០០​ម៉ែត្រ ផ្លូវ​បេតុង​ប្រវែង​សរុប​២៣៥​ម៉ែត្រ ស្ពានឈើ​៦​កន្លែង លូ​កាត់​ផ្លូវ​ចំនួន ១៦​កន្លែង ទំនប់​ទឹក​ប្រវែង​សរុប ៥.៨៨៧​ម៉ែត្រ ទ្វារ​ទឹក​ចំនួន​១៣​ម៉ែត្រ និង​ស្រះ​ទឹក​៣​កន្លែង ។

ជាមួយ​គ្នា​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ស្រុក មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ឃុំ បាន​យកចិត្តទុកដាក់​ចុះ​ពិនិត្យ​ស្ថានភាព​និង​ត្រៀម កម្លាំង សម្ភារ និង​មធ្យោបាយ​ចុះ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ករណី​ទឹក​នៅ​បន្ត​កើនឡើង ។ ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​ទីកន្លែង​ដែល​មាន​សុវត្ថិភាព​រួចរាល់។

សូមបញ្ជាក់ផងដែរថា គិត​ត្រឹម​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤ កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ បាន​រំកិល ២០.៦៥​ម៉ែត្រ ខណៈ​កម្ពស់​ទឹក​ប្រុង​ប្រយ័ត្ន ២២​ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង