ក្រសួងការបរទេស ៖ការបង្កទ្រព្យសម្បត្តិលើលោក លី យ៉ុងផាត់ ពីអាមេរិក ថាជាទណ្ឌកម្មឯកតោភាគី មិនគោរពច្បាប់អន្តរជាតិ
ក្រសួងការបរទេស ចាត់ទុកការដាក់ទណ្ឌកម្មបង្កទ្រព្យសម្បត្តិលើលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មចំនួន៤ទៀត ពីសំណាក់អាមេរិក ថាជាទណ្ឌកម្មឯកតោភាគី មិនគោរពច្បាប់អន្តរជាតិ និងបទដ្ឋានគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ជាពិសេស គោលការណ៍សមភាពអធិបតេយ្យ និងការមិនជ្រៀតជ្រែកគ្នាទៅវិញទៅមក។ នេះបើយោងតាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៣ ខែកញ្ញា នេះ។
ក្រសួងការបរទេស សម្តែងការសោកស្តាយយ៉ាងដូច្នេះ បន្ទាប់ពី ក្រសួងរតនាគារសហរដ្ឋអាមេរិក ការសម្រេចចិត្តដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើធុរជនកម្ពុជាលោក លី យ៉ុងផាត់ និងក្រុមហ៊ុន L.Y.P. Group Co., Ltd ព្រមទាំងអាជីវកម្មពាក់ព័ន្ធដូចជា រមណីយដ្ឋានអូស្មាច់ (O-Smach Resort), សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel), រមណីយដ្ឋានកោះកុង (Koh Kong Resort), និង សណ្ឋាគារភ្នំពេញ។
តាមក្រសួងការបរទេស អាមេរិកបង្កទ្រព្យសម្បត្តិ លើលោក លី យ៉ុងផាត់ ធ្វើឡើងដោយផ្អែកលើរបាយការណ៍ដែលមិនមានមូលដ្ឋានច្បាស់លាស់ ស្តីពីពលកម្មដោយបង្ខំក្នុងសកម្មភាពឆបោកតាមអនឡាញ មានចេតនានយោបាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលត្រូវ បានបញ្ជាក់យ៉ាងច្បាស់ដោយលោក ឡយ ជេ អូស្ទីន (Lloyd J. Austin III) រដ្ឋមន្ត្រីការពារ ជាតិអាមេរិក ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនាកន្លងទៅ។
ក្រសួងការបរទេសចាត់ទុកថា ទង្វើបែបនេះរបស់សហរដ្ឋអាមេរិក គឺជាការសម្រេចចិត្តដោយអយុត្តិធម៌ ព្រោះទង្វើនេះ ផ្អែកលើរបាយការណ៍ដែលមិនមានមូលដ្ឋានច្បាស់លាស់។
ក្រសួងការបរទេសចាត់ទុក ការពឹងផ្អែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទៅលើរបាណ៍ការជួញដូរមនុស្សយកធ្វើ ជាមូលដ្ឋាននៃសកម្មភាពបង្កកទ្រព្យសម្បត្តិ គឺពិតជាគួរឱ្យសោកស្តាយ និងនាំឱ្យមានការយល់ខុស។ របាយការណ៍នេះ មិនបានផ្តល់នូវរូបភាពដែលមានតុល្យភាព និងសុក្រឹតអំពីការប្តេជាចិត្តដ៏មុតមាំរបស់កម្ពុជាលើ ការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរ មនុស្ស និង ពលកម្មដោយបង្ខំ៕