កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅគណៈប្រតិភូរដ្ឋមន្រ្តីបរិស្ថាននៃមហាអនុតំបន់មេគង្គ GMS EMM-6 នៅភ្នំពេញ

កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅគណៈប្រតិភូរដ្ឋមន្រ្តីបរិស្ថាននៃមហាអនុតំបន់មេគង្គ GMS EMM-6 នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថាននៃមហាអនុតំបន់មេគង្គ GMS ក្រសួងបរិស្ថានកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិធីជប់លាង ជាកិត្តិយសជូនគណៈប្រតិភូរដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសជាសមាជិកនៃមហាអនុតំបន់មេគង្គ ចំនួន៦ ប្រទេស រួមមាន ប្រទេសចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីបរិស្ថានកម្ពុជានិងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថាននៃមហាអនុតំបន់មេគង្គ បានស្វាគមន៍ដល់ប្រតិភូរដ្ឋមន្រ្តីបរិស្ថានទាំងអស់ ដែលបានអញ្ជើញចូលរួម ហើយបានថ្លែងពីវឌ្ឍនភាពដែលប្រទេសទាំងអស់ក្នុងតំបន់ បានធ្វើក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន ដ៏មានសារៈសំខាន់នាពេលកន្លងមក។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការការពារជីវចម្រុះ ការលើកកម្ពស់គុណភាពបរិស្ថាន និងការដោះស្រាយការប្រែប្រួលអាកាសធាតុ កំពុងត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ភ្លឺស្វាង។ មហាអនុតំបន់មេគង្គ បានប្រឈមមុខនឹងភាពស្មុគស្មាញជាច្រើន ដែលទាមទារមិនត្រឹមតែការបន្តការប្តេជ្ញាចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែមានកិច្ចសហប្រតិបត្តិការ និងភាពច្នៃប្រឌិត និងឆន្ទៈក្នុងការចែករំលែកអនាគតរបស់យើង និងរីកចម្រើនជាមួយគ្នា។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថាននៃមហាអនុតំបន់មេគង្គ GMS គឺជាវេទិកាកម្រិតខ្ពស់ដែលរដ្ឋមន្ត្រីបរិស្ថានមកពីបណ្តាប្រទេស GMS មករួមគ្នាដើម្បីពិភាក្សា និងសម្របសម្រួលយុទ្ធសាស្ត្រ និងគោលនយោបាយបរិស្ថានក្នុងតំបន់។ កិច្ចប្រជុំ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបរិស្ថាននៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ។ រៀងរាល់បីឆ្នាំម្តង រដ្ឋមន្ត្រីបរិស្ថានមកពីប្រទេស GMS ចំនួនប្រាំមួយជួមប្រជុំគ្នាដើម្បីពិនិត្យមើលវឌ្ឍនភាព និងកំណត់របៀបវារៈសម្រាប់កិច្ចសហប្រតិបត្តិការបរិស្ថាននៅក្នុងតំបន់ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានលើកទី៦ ត្រូវបានគេរំពឹងថានឹងអនុម័តនូវឯកសារសំខាន់ចំនួន២ គឺ ៖(១) ក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS 2030 សម្រាប់ការពន្លឿនសកម្មភាពអាកាសធាតុ និងចីរភាពបរិស្ថាន និង (២) សេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទិកនៅក្នុងGMS ។ ដល់ការចែករំលែកចំណេះដឹងក្នុងតំបន់ និងការកសាងសមត្ថភាពនៅទូទាំង GMS ក៏ដូចជាកំណត់កម្មវិធីឆ្ពោះទៅមុខដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង