ទេសចរណ៍នៅតាមតំបន់សហគមន៍តំបន់ការពារធម្មជាតិជួយពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងជីវភាពមូលដ្ឋាន

អ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា ការចូលរួមការពារធនធានធម្មជាតិ និងការដាំឈើឱ្យបានច្រើន ជួយដល់ការការបន្ថយការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានរលកដំដៅ ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួត និងអាកាសធាតុមិនប្រក្រតីជាច្រើនទៀត និងជួយដល់លំនឹងបរិស្ថាន និងការបាត់បង់ជីវចម្រុះ ព្រមទាំងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈការចិញ្ចឹមជីវិតជាមួយទេសចរណ៍ធម្មជាតិ នៃការរៀបចំគោលដៅលំហែរបៃតង។

ការលើកឡើងបែបបនេះ ក្នុងពេលអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍បោះតង់ ក្រោមប្រធានបទ “កីឡាដើម្បីទេសចរណ៍” រដូវកាលទី១ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រុមការងារដើរព្រៃ នៅសហគមន៌តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិក្តុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ទៅលើសសរស្តម្ភទី២គឺ «បៃតង» នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្រសួងបរិស្ថានបាននិងកំពុងអនុវត្ត គឺជំរុញការដាំដើមឈើឱ្យបាច្រើន ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិយ៉ាងតឹងរឹង ដោយអនុវត្តច្បាប់១០០ភាគរយ ចំពោះបទល្មើសធនធានធម្មជាតិ រួមទាំងការសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។ លើសពីនេះក្រសួងបាននិងកំពុងជំរុញជីវភាពសហគមន៍ តាមរយៈគោលដៅលំហែបៃតង ដោយបង្កើតជម្រើសមុខរបរថ្មី តំបន់សក្តានុពលទេសចរណ៍ ដើម្បីប្រជាពលរដ្ឋមានចំណូលពីទេសចរណ៍ធម្មជាតិ និងឈប់ពឹងអាស្រ័យលើការចូលព្រៃកាប់ឈើឬបាញ់សត្វដូចមុន។

ក្នុងនោះដែរ លោកបានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសក្រុមកីឡាករ អ្នកដើព្រៃ អ្នកទេសចរណ៍ វិស័យសាធារណៈនិងឯកជន និងដៃគូសហការ ចូលរួមបង្កើនភាពបៃតងនៅកម្ពុជា គឺចូលរួមដាំដើមឈើឱ្យបានច្រើន ដែលជាផ្នែកមួយចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ បង្កើនភាពស្រស់ស្អាត មានខ្យល់បរិសុទ្ធ សម្រាប់ការសម្រាកលំហែរ និងផ្តល់ប្រយោជន៍សេដ្ឋដល់ការលើកកម្ពស់ជីវភាពសហគមន៍ ចំណូលថវិកាជាតិ និងសម្រាប់ការអភិរក្ស តាមរយៈការរៀបចំនៃឥណទានកាបូន។

«តាមរយៈគោលដៅលំហែបៃតង រួមមានព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍» នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ស្រឡាញ់ដើមឈើ ការពារព្រៃឈើ និងការដាំដើមឈើ សម្រាប់កូនចៅជំនាន់ក្រោយ និងចំណូលដល់ប្រជាសហគមន៍។» លើកឡើងបន្ថែម របស់លោក ខ្វៃ អាទិត្យា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា ដើម្បីទេសចរណ៍ រៀបចំឡើងដោយក្រុមអ្នកដើរព្រៃ ដោយមានការការសហការជាមួយក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ពាក់ព័ន្ធ រដ្ឋបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីកីឡាករ កីឡាការិនី រួមជាមួយអ្នកទេចរណ៍ក្នុងស្រុក និងក្រៅស្រុកជាច្រើននាក់។ កម្មវិធីមានការជួបជុំចែករំលែកបទពិសោធន៍ ភ្លើងគប់បោះតង់ មើលទេសភាពធម្មជាតិ សត្វព្រៃ និងការរត់ប្រណាំងឡើងភ្នំជាដើម។ អ្នកឈ្នះរង្វាន់ នឹងទទួលបានមេដៃ និងសម្ភារមួយចំនួន។ លោក យា ប៊ែនយ៉ាមីន ប្រធាននិងជាស្ថាបនិកក្រុមការងារដើរព្រៃ បានលើកឡើងថា កម្មវិធីនេះមិនត្រឹមតែមានគោលបំណងដើម្បីសុខភាព និងបង្កើតឱកាសរួមចំណែក ដល់ប្រព័ន្ធអេកូឡូស៊ីនៃតំបន់ការពារធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏ជាការផ្សព្វផ្សាយសារការពារបរិស្ថាន ជួយថែរក្សា ការពារព្រៃឈើ ការដាំដើមឈើ និងថែរក្សាសម្រស់ធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds