សម្តេចតេជោ ៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាពេលល្អដែលអ្នកខ្លាត់បាត់បង់ដីចូលរួម

អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោហ៊ុន សែន បានអោយដឹងថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានផ្តួចផ្តើមបង្កើតឡើងតាមសំណូមពរប្រជាជន បានចេញជារូបរាង និងមានការចូលរួមយ៉ាងផុលផុស។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការកាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមដូច្នេះថា«តាមរយៈមូលនិធិនេះយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថាអ្នកចោទប្រកាន់ថាយើងកាត់៤ខេត្ត ឬច្រើនជាងនេះទៅឱ្យវៀតណាមតើពួកគេចូលលុយឬទេ?

សម្ដេចតេជោថា ប្រសិនបើពួកគេខ្លាចបាត់ដីមែនវាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។ ការរំពឹងទុកប្រជាជនដែលគ្មានដីនិងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។

សម្ដេចតេជោហ៊ុន សែន ក៏បានអំពាវនាវបន្ថែមថា សូមជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ?។ សម្ដេចបានអះអាងថា នេះមិនមែនជាការដេញទាន់ជាន់កែងទេ តែចង់ឱ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open