១១ខែ រដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី មានគម្រោងវិនិយោគ២៣៧គម្រោង ដែលមានទុនជាង$ ៦ពាន់លាន

ភ្នំពេញ៖ ក្នុងរយៈពេល១១ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានគម្រោងវិនិយោគដែលបានអនុម័តរួចរាល់ ចំនួន២៣៧គម្រោង ដែលស្មើនឹងទុនជាង ៦ពាន់លានដុល្លារអាមេរិក ជាមួយនឹងការបង្កើតបាននូវការងារជាច្រើនម៉ឺនកន្លែងជូនពលរដ្ឋ ។

ថ្លែងក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពី សក្ដានុពល នៃព្រែកជីកហ្វូណនតេជោ សម្រាប់ការអភិវឌ្ឍកម្ពុជា ដល់សិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានថ្លែងថា បានងោយដឹងថា សម្រាប់ការវិនិយោគទាំងអស់នេះ មានមកពីកូរ៉េ ជប៉ុន បារាំង ស្វីស អាល្លឺម៉ង់ អូស្ត្រាលី អេស្បាញ និងចិនជាដើម ដែលការវិនិយោគ​ទាំងអស់នេះ គឺបានបង្ហាញពីការទុកចិត្តរបស់ពួកគេ មកលើរាជរដ្ឋាភិបាលថ្មី របស់កម្ពុជា។

លោក បានបន្តថា ចំពោះទុនវិនិយោគនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃរាជរដ្ឋាភិបាល​អាណត្តិមុន គឺមានការកើនឡើងប្រមាណជាង ២០០ភាគរយ ដែលកាលនោះមានទុនត្រឹមជាង ២ពាន់លានដុល្លារអាមេរិក ។ លោកថាជាមួយនឹងការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសនេះ គឺនៅខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមនឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ប្រទេសចិន អាមេរិក អឺរ៉ុប និងមជ្ឈិមបូព៌ា ដើម្បីទាក់ទាញអ្នកវិនិយោគ មកដាក់ទុនបន្ថែមនៅកម្ពុជា ។

បើតាមលោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា រយៈពេល១ឆមាស (៦ខែ) ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងចំនួន ១៩០គម្រោង ស្មើនឹងទុនវិនិយោគជាង ៣ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ មានត្រឹម១១៣គម្រោង មានទុនវិនិយោគជាង ១ពាន់លានដុល្លារ ដែលកើនឡើងចំនួន ៦៨ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds