ឥទ្ធិពលព្យុះម៉ារីយ៉ាបន្តអូសបន្លាយលើកម្ពុជារហូតដល់ថ្ងៃទី១៤ ខែសីហា
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាសថា ព្យុះទី៥ឈ្មោះ ម៉ារីយ៉ា (Maria) ជាមួយខ្យល់មូសុងនិរតី បានថយឥទ្ធិពល ខណៈសម្ពាធទាប គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ស្ថានភាពខាងលើនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ នៅតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម ៣,៥០ម៉ែត្រក្នុងមួយវិនាទី។ លក្ខណៈធាតុអាកាសនេះ ធ្វើឱ្យ ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្ដប់លើផ្ទៃដី៥ភាគរយ។
ចំណែកនៅតំបន់ខ្ពស់រាប នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម ៣ម៉ែត្រក្នុងមួយវិនាទី។ លក្ខណៈធាតុអាកាសបែបនេះ នឹងធ្វើឱ្យខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី ១០ភាគរយ។
រីឯនៅតំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ៣,៥០ម៉ែត្រក្នុងមួយវិនាទី។ នៅបណ្ដាខេត្តដូចជា៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្ដប់លើផ្ទៃដី ១៥ភាគរយ។ លើសពីនេះ ចំពោះរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕