ខ្សែការពារឆ្នើមចាស់វស្សា Pepe ប្រកាស​ចូលនិវត្តន៍​ពី​បាល់ទាត់​​ហើយ!

​ខ្សែការពារ​កណ្ដាល​ Pepe បាន​ប្រកាស​ចូលនិវត្តន៍​​ពី​បាល់ទាត់​ហើយ​ក្នុង​អាយុ​៤១​ឆ្នាំ បន្ទាប់​ពី​រូប​គេ​ចាយ​ពេល​អស់​២៩​ឆ្នាំ​នៅ​ជាមួយ​បាល់ទាត់​គិត​ចាប់​ពី​ពេល​ចាប់ផ្ដើម​លេង​​ក្នុង​ឈុត​យុវជន​នា​ឆ្នាំ​១៩៩៥ មក​ដល់​បច្ចុប្បន្ន​។ មុនពេល​ប្រកាសថាខ្លួន​ចូល​និវត្តន៍​នេះ​ Pepe ក៏​បាន​​ចូល​រួម​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ European Championship ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ​​​របស់​គេ​គឺ​ការ​ប្រកួត​ទល់​បារាំង​ដែល​ចាញ់​ដោយ​បាល់​ប៉េណាល់ទី​​​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។ ​​អតីត​ខ្សែការពារ​កណ្ដាល​ដ៏​មាន​សក្ដានុពល​របស់ Real Madrid ​រូប​នេះ​ចូលរួ​ល​រួម​ការ​ប្រកួត​សរុប​​បាន​ចំនួន ១៤១​លើក​សម្រាប់​ជម្រើសជាតិ​ព័រទុយហ្គាល់​របស់​គេ​ ដែល​ក្នុង​នោះ​មាន​តែ​កីឡាករ​២​នាក់​ប៉ុណ្ណោះ​ដែល​លេង​ឲ្យ​ជម្រើស​ជាតិ​បាន​ច្រើន​ជាង​គេ​គឺ Cristiano Ronaldo និង Joao Moutinho ។

​ក្នុង​ការ​​ប្រកាស​ចូលនិវត្តន៍​នេះ​ដែរ Pepe ក៏​បាន​និយាយ​អរគុណ​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​ក្លឹប និង​ជម្រើស​ជាតិ​ដែល​ផ្ដល់​ឱកាស​ និង​ជឿជាក់​លើ​​គេ ក្នុង​ការ​​ឲ្យ​គេ​បាន​បំពេញ​​ការងារ​​ក្នុង​នាម​ជា​កីឡាករ។ Pepe ជា​កីឡាករ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ការ​រក​បាន​គ្រាប់​បាល់​កាល​ពី​រដូវ​កាល​មុន​​ក្នុង​ពាន​រង្វាន់ Champions League កាល​ពី​រដូវ​កាល​មុន​ក្នុង​កំឡុង​ការ​ប្រកួត​រវាង​ក្រុម​របស់​គេ Porto និង Antwerp ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​។

​សូមបញ្ជាក់ថា ក្រៅ​ពី​លេង​ឲ្យ Real Madrid ខ្សែការពារ​កណ្ដាល​ម្នាក់​នេះ​ក៏​ធ្លាប់​លេង​នៅ​ក្លឹប Porto, Besiktas និង Maritimo ផងដែរ។ ក្នុង​ការ​ប្រកាស​ចូលនិវត្តន៍​នេះ Pepe បាន​​ប្រកាស​នៅ​លើ​ Chanel YouTube របស់​គេ​កាល​ពី​ ៩​ម៉ោង​មុន​​នេះ​ ព្រម​ទាំង​បាន​និយា​យ​អរគុណ​ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​អស់​របស់​ខ្លួន​ផងដែរ​។ គេ​បាន​ឈ្នះ​ពាន EURO 2016 ជាមួយ ព័រទុយហ្គាល់ និង​បាន​ជួយ​​ឲ្យ​ Real Madrid ឈ្នះ​ពាន​ Champions League ចំនួន ៣​លើក​ La Liga ៣​លើក ​កំឡុង​រូប​គេ​នៅ​ជាមួយ Real Madrid អស់​​រយៈ​ពេល​១០​ឆ្នាំ​។

​គិត​ចាប់​ពី​ពេល​ដែល​ចូលលេង​ក្លឹប​អាជីព​ឆ្នាំ​២០០១ ​មក​ដល់​បច្ចុប្បន្ន គេ​បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន ៥៣៥ ​ប្រកួត​ក្នុង​នោះ​គេ​រក​បាន​៣៥​គ្រាប់​ក្នុង​នាម​ជា​ខ្សែការពារ​កណ្ដាល។ ​Pepe មិន​ត្រឹម​ជា​កីឡាករ​ដែល​ល្អ​គេ​​ក៏​មាន​គុណវិបត្តិ​​​​ដូចគ្នា​គឺ​ជា​កីឡាករ​ដែល​លេង​កាច និង​ជាប់​ជា​កីឡាករ​ដែល​ទទួល​បាន​កាត​ក្រហម​​​ច្រើន​​ម្នាក់​​ក្នុង​អាជីព​​បាល់ទាត់​គឺ​១៧​កាត​ក្រហម​៕ ​​​​

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds