រដ្ឋមន្រ្តីបរិស្ថាន លើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំត្នោត ដើម្បីលើកស្ទួយតម្លៃ វប្បធម៌ជាតិខ្មែរ

កំពត៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំត្នោត ក្នុងគោលបំណងលើកស្ទួយតម្លៃ វប្បធម៌ជាតិខ្មែរ ដែលបានផ្សារភ្ជាប់នឹងរុក្ខរបស់ជាតិខ្មែរ ខណៈលោកមានមហិច្ឆតាចង់អភិវឌ្ឍន៍ការធ្វើស្ករត្នោតពីលក្ខណៈគ្រួសារ ឱ្យទៅជាការធ្វើបែបលក្ខណៈពាណិជ្ជកម្មខ្នាតអន្តរជាតិ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ដែលបានចុះទៅផ្ទាល់ទីតាំងចម្ការ គ្រាដែលលោកបានដឹកនាំមន្ត្រីរាជការ ព្រមទាំងប្រធានមន្ទីរបរិស្ថាន ទូទាំង២៥រាជធានី-ខេត្តចុះសិក្សាស្វែងយល់ពីរបៀបបណ្តុះ និងដាំកូនត្នោត នៅក្នុងស្រុកជុំគិរី ខេត្តកំពត កាលពីចុងសប្តាហ៍កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា មន្ទីរបរិស្ថានរាជធានី ខេត្តទាំង២៥ បានត្រៀមថ្នាល សម្រាប់បណ្តុះកូនត្នោតរួចជាស្រេច ជាមួយការបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋ នៅឆ្នាំក្រោយៗ បន្តបន្ទាប់ ដើម្បីបណ្តុះផ្នតគំនិត ពន្លកបៃតង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន ៦០% នៅឆ្នាំ២០៥០។

លោកថា ការដាំត្នោតជាចំការ និងតាមការធ្វើទំនើបកម្មក្នុងការដាំ គឺដាំជាជួរ ដោយមានគម្លាតគម្លាត ៤,៥ម៉ែត្រ ពីមួយដើមទៅមួយដើមទៀត និងគម្លាត ៥ម៉ែត្រ ពីជួមួយទៅជួមួយទៀត។ វិធីសាស្រ្តនេះផ្តល់ភាពងាយស្រួលក្នុងការប្រមូលផល និង អាចជួយឱ្យប្រជាពលរដ្ឋរកចំណូលបាន។ លើសពីនេះ ចំការត្នោតបង្ហាញជូនទេសចរជាតិ អន្តរជាតិ ពីសោភ័ណភាពនៃការដាំ ពីជីវភាពរស់នៅ របស់ពលរដ្ឋផ្សារភ្ជាប់នឹងប្រពៃណីវប្បធម៌ជាតិ ដែលកើតមានតាំងពីយូរលង់ណាស់មកហើយ។

លោកបន្ថែមថា« គោលដៅចម្បងរបស់ខ្ញុំ ទី១ យើងកែប្រែដើមត្នោតពីការធ្វើពាណិជ្ជកម្មបែបគ្រួសារ ឱ្យទៅជាពាណិជ្ជកម្មខ្មាតអន្តរជាតិតែម្តង, ទី២៖ ខ្ញុំចង់ធ្វើយ៉ាងណាសិក្សាឱ្យបានលម្អិតពីត្នោតហ្នឹង ដោយបំព្រួញពីអាយុ១២ឆ្នាំ មកត្រឹម១០ឆ្នាំ, ៨ឆ្នាំបានផល, ទី៣៖ បំព្រួញពីកម្ពស់ ២០ ឬ៣០ម៉ែត្រ មកត្រឹម៥ ឬ៦ម៉ែត្រ ដើម្បីបានផលមកវិញ»។

ដើមត្នោតត្រូវបានចាត់បញ្ចូល ជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៥។ រុក្ខរបស់ត្នោត ឱ្យផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដូចជាផ្តល់គម្របបៃតង និងអត្ថប្រយោជន៍ជាច្រើន សម្រាប់ការរស់នៅប្រចាំថ្ងៃ ដូចជាទឹកត្នោត ស្ករត្នោតដែលបានមកពីទឹកត្នោត ប្រភេទអារហារដែលផ្តល់ថាមពល ជួយដល់សុខភាព ស្លឹកត្នោតអាចយកទៅប្រក់ដំបូលផ្ទះ ចំណែកដើមត្នោតធ្វើទូក និងផ្ទះជាដើម លើសពីនេះក៏មានសម្ភារប្រើប្រាស់ជាច្រើនបានច្នៃចេញពីរុក្ខរបស់ជាតិ គឺត្នោតនេះផងដែរ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds