ក្រសួងប្រកាសថា ការផ្សព្វផ្សាយលក់ឱសថឬផលិតផលព្យាបាលជំងឺទឹកនោមផ្អែមមួយចំនួនជាការផ្សព្វផ្សាយបោកប្រាស

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានថ្មីមួយដោយបានបញ្ជាក់ថា បច្ចុប្បន្នក្រសួងសង្កេតឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណមួយចំនួនដូចជា៖ ផលិតបាណាបា ផលិត Gymnova ផលិតផល Hypoly និងផលិតផលផ្សេងៗទៀតនៅតាមបណ្ដាញសង្គម ដែលនិយាយបំផ្លើសថា អាចព្យាបាលជំងឺទឹកនោមផ្អែមជាសះស្បើយដោយមិនចាំបាច់ប្រើប្រាស់ឱសថសម័យ ជាការមិនពិតឡើយ។ ក្រសួងអះអាងថា ការផ្សព្វផ្សាយផលិតផលទាំងនេះ គឺជាការកុហកបោក ដោយពុំមានហេតុផលវេជ្ជសាស្រ្តត្រឹមត្រូវ ម្យ៉ាងទៀតផលិតទាំងនោះ ពុំមានចុះបញ្ជិកានៅក្រសួងសុខាភិបាលនោះឡើយ។

ជាមួយគ្នា ក្រសួងសុខាភិបាល បានប្រកាសបដិសេធទាំងស្រុងថា ការផ្សព្វផ្សាយផលិតផលខាងលើនេះ មិនត្រឹមតែមិនអាចព្យាបាលជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ តែវាអាចបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ថែមទៀត។ ផលប៉ះពាល់ទាំងនោះមានដូចជា៖ មិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ដែលនាំឱ្យជាតិស្ករក្នុងឈាមមិនប្រក្រតី ហើយអាចបណ្ដាលឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ និងមានផលវិបាកដល់អាយុជីវិតចំពោះមុខ និងរយៈពេលវែង។

មិនតែប៉ុណ្ណោះ ការប្រើប្រាស់ផលិតផលខាងលើ ក៏នឹងបណ្ដាលឱ្យអ្នកជំងឺទឹកនោមផ្អែម យឺតយ៉ាវក្នុងការទទួលការព្យាបាលបានត្រឹមត្រូវ ដោយការពឹងផ្អែកលើការព្យាបាលដែលគ្មានប្រសិទ្ធភាព អាចបង្កើនហានិភ័យ និងផលវិបាកជាច្រើនដូចជា នាំឱ្យមានជំងឺសរសៃប្រសាទ ជំងឺសរសៃបាតភ្នែក ជំងឺសរសៃឈាមបេះដូង និងងាយទទួលការឆ្លងមេរោគជាដើម។

លើសពីនេះ ក៏អាចបណ្ដាលឱ្យអ្នកជំងឺទឹកនោមផ្អែម ខូចខាតសរីរាង្គបណ្ដាលមកពីការប្រើប្រាស់ឱសថ និងផលិតផលបំប៉នសុខភាព ឬឱសថបុរាណគ្មានចុះបញ្ជិកា ដែលអាចមានសារធាតុប៉ះពាល់ដល់សរីរាង្គដូចជា ថ្លើម និងតម្រងនោម ជាពិសេសប្រសិនបើលេបរយៈពេលយូរ ឬក្នុងកម្រិតខ្ពស់។

ក្រៅពីនេះទៀត ការប្រើប្រាស់ឱសថ ឬផលិតផលដែលគ្មានបញ្ជិកាត្រឹមត្រូវខាងលើ អាចបណ្ដាលឱ្យអ្នកជំងឺទឹកនោមផ្អែម កង្វះនូវអាហាររូបត្ថម្ភ ដោយការព្យបាលមិនសមស្របមួយចំនួនអាចពាក់ព័ន្ធនឹងការរឹតបន្តឹងរបបអាហារ ដែលអាចនាំឱ្យមានកង្វះអាហារូបត្ថម្ភ ធ្វើឱ្យការគ្រប់គ្រងជំងឺទឹកនោមផ្អែមកាន់តែស្មុគស្មាញ។

ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវ និងណែនាំដល់ប្រជាពលរដ្ឋទាំងអស់ និងអ្នកជំងឺទឹកនោមផ្អែមទាំងអស់ ត្រូវទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្រ្តនៅតាមមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds