ដើម្បី​រួម​គ្នា​ជួយ​ផ្សព្វផ្សាយ​វិស័យ​ប្រដាល់​គុនខ្មែរ​ឱ្យ​កាន់​តែ​មាន​ភាព​ល្បីរន្ទឺ​ទាំង​លើ​ឆាក​ជាតិ ជាពិសេស​នៅលើ​ឆាក​អន្តរជាតិ​ក្លិប​ប្រដាល់​គុនខ្មែរ​អន្តរជាតិ (KKIF) បានចុះ​អនុស្សារណៈ​យោគយល់ (MoU) ជាមួយ​ក្រុម​ហ៊ុន​អប្សរា មេឌាសឺវីស។ ​ពិធី​ចុះ MoU នៅ​ផ្សារ​ទំនើប​ជីពម៉ុង​មេហ្គាម៉ាល 271 កាល​ពី​ថ្ងៃ​ទី៤ ខែសីហា។​

​MoU រវាង KKIF និង​ទូរទស្សន៍​អប្សរា​បាន​ផ្តោត​ខ្លាំង​​ទៅ​លើ​ការ​ផ្សព្វផ្សាយ​កម្មវិធី​ប្រដាល់​អាណាចក្រ​ថ្នាល​គុនខ្មែរ និង​តេជះ​គុន​ខ្មែរ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​អប្សរា និង AMS Sport ព្រម​ទាំង​មាន​ការ​ផ្សាយ​បន្តផ្ទាល់​នៅលើ​ផេច​ហ្វេសប៊ុក​របស់ KKIF និងលើ​បណ្តាញ​សង្គម​មួយ​ចំនួន​ទៀត​ផងដែរ។

លោក លឹម ឃុនស្រ៊ុន អគ្គនាយក​ក្រុមហ៊ុន​អប្សរាមេឌាសឺវីស បាន​ថ្លែង​ថា ការចុះ ​MoU យើង​នឹង​​ផ្សព្វ​ផ្សាយ​ឱ្យ​បានកាន់​តែទូលំទូលាយ​ទាំង​កម្មវិធី​អាណាចក្រ​ថ្នាល​គុនខ្មែរ និង​កម្មវិធីតេជះគុនខ្មែរ នៅ​លើ​ទំព័រ​ហ្វេសប៊ុក AMS Sport ហើយ​មានការ​​ឡាយបន្ត​​នៅ​លើផេច KKIF និង​លើបណ្តាញសង្គមជា​ច្រើន​ទៀត។

បន្ថែម​លើនេះ លោក ឃុនស្រ៊ុន ចង់​ប្រើ​ប្រាស់​ការចុះ MoU ​​នេះ ជាឱកាស​ក្នុង​ការ​​​បណ្តុះ​បណ្តាល​កីឡាករគុនខ្មែរ​​វ័យ​ក្មេង ​ដែលជា​អ្នក​បន្ត​វេនឱ្យ​បានកាន់តែ​ច្រើន​ ព្រមទាំង​​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ បាន​ឡើង​ប្រកួត​ដក​ស្រង់​បទពិសោធន៍​។ លោក​ថា៖ «នេះ​ជា​វេទិកា​បញ្ចេញ​សមត្ថ​ភាព​មួយ​ ដូច្នេះ​ទើប​យើង​អាច​រក្សា​បាន​នៅ​លំហូរកីឡាករ​វ័យ​ក្មេង​ថ្មីៗ ដើម្បី​​​ធ្វើ​ឱ្យ​វិស័យប្រដាល់​គុនខ្មែរ អាច​ស្ថិតស្ថេរ និង​រឹងមាំ​បាន​យូរអង្វែងខ្ញុំជឿជាក់ថា ការ​ចាប់​ដៃ​យុទ្ធសាស្រ្ត​ជាមួយ AMS និង​ទូរទស្សន៍អប្សរា នាពេល​នេះ​ យើងនឹង​អាច​បង្កើត​មាតិការ​ជាច្រើន​បន្ត​បន្ទាប់​ទាំង​សកម្ម​ភាព​ហ្វឹកហាត់​ និងការ​ប្រកួត​នានា ​ដើម្បីផ្សព្វ​ផ្សាយ​វិស័យគុនខ្មែរ​របស់យើង​ឱ្យ​កាន់តែ​ផុស​ផុល​ខ្លាំងក្លា»

លោក ស្រី ចាន់ថន ស្ថាបនិកក្លិប​ប្រដាល់​គុនខ្មែរ​អន្តរជាតិ បាន​ឱ្យ​ដឹង​ថា ក្លិប KKIF ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​គាំ​ទ្រ​ពេញ​ទំហឹងពី​រាជរដ្ឋាភិបាល​កម្ពុជា រួមទាំង​បងប្អូនជន​រួម​ជាតិ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជាពិសេស​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា និងដៃគូឧបត្ថម្ភ​នានា ដែល​ធ្វើ​ឱ្យ​លោកមាន​ការ​ខិតខំ​ប្រឹង​ប្រែង​កាន់តែ​ខ្លាំង ក្នុងការ​ផលិត​ធនធាន​កីឡាករ​គុនខ្មែរ ក្នុង​បេសកម្ម​ផ្សព្វផ្សាយ​​គុនខ្មែរឱ្យ​ល្បីរន្ទឺនៅ​ជុំវិញ​ពិភពលោក។

លោកថា ក្លិប KKIF បាននឹងកំពុង​រៀបចំ​កម្មវិធី​ប្រកួត​ចំនួន​២ គឺ​ទី​១ ​កម្មវិធី​អាណាចក្រ​ថ្នាល​គុនខ្មែរ ដែល​ធ្វើ​នៅ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​ទី​១ និង​ទី​៣ ក្នុង​១ខែ ហើយ​កម្មវិធី​នេះ​​មានការ​ចូលរួម​ពី​កីឡាករ​ថ្មីៗ ​មក​ពី​បណ្តា​ក្លិបផ្សេងៗ​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ចាប់តាំងពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២៣ ដោយ​ប្រើ​ថវិកា​ផ្ទាល់​ខ្លួន។ ចំណែក​ទី​២ KKIF ​បាន​រៀបចំ​ការ​​ប្រកួតឱ្យ​មាន​ការ​ប្រកួត​​ជា​លក្ខណៈ​ឈុត​ធំ​ក្នុង​កម្មវិធី «តេជះគុនខ្មែរ» ដោយ​​ធ្វើ​រៀង​រាល់​ថ្ងៃសៅរ៍ សប្តាហ៍​ទី​២ និង​ទី​៤​ក្នុង​១ខែៗ ហើយ​​មានការ​ចូលរួម​ប្រកួត​ពីកីឡាករ​បរទេស​ជា​ច្រើន ចាប់​តាំងពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២៤ ដោយ​ប្រើ​ថវិកា​ខ្លួនឯង​សុទ្ធសាធ។ បន្ថែម​លើ​នេះ KKIF ក៏​មាន​បេសកកម្ម​ពិសេស​ក្នុង​ការ​បញ្ជូន​កីឡាករ​ល្អៗ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ផងដែរ។

លោក ស្រី ចាន់ថន បន្ថែម​ថា «យើង​បាន​បញ្ជូន​ក្រុម​កីឡាករ​​របស់​កម្ពុជា ជាពិសេស ​កីឡាករ​ក្នុង​ក្លិប KKIF ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ក្នុង​កម្មវិធី​ស្ថាប័ន​លំដាប់​ពិភពលោក​មួយ​ចំនួន ​ដូចជានៅ​ប្រទេស​ចិន សហរដ្ឋអាមេរិក និង​ជប៉ុន…ដោយ​ទទួល​បាន​ជ័យ​ជម្នះ​ជា​បន្តបន្ទាប់។ ជាលទ្ធផល​រួម គឺ​ធ្វើ​ឱ្យ​ពិភព​លោក​គេស្គាល់​គុន​ខ្មែរ​កាន់​តែ​ច្រើន​»

លោក​បានបញ្ជាក់​ថា៖ ​«ខ្ញុំ​សង្ឃឹម​ថា ការចុះ MoU ​នេះ គឺ​ជា​វេទិកាមួយដ៏សំខាន់​សម្រាប់​យើង​​ទាំង​អស់​គ្នា ហើយ​ជាសញ្ញាវិជ្ជមាន​មួយ​ក្នុងការ​សហប្រតិបត្តិការជួយ​គ្នា​ ជ្រោមជ្រែង​គ្នា រួម​គ្នាផ្សព្វ​ផ្សាយ​គុនខ្មែរ​ឱ្យ​ល្បី​រន្ទឺ​ទៅ​ដល់​ជុំ​វិញ​ពិភពលោក។ យើងខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​បណ្តា​ក្រុម​ហ៊ុន​ទាំង​ក្នុង និងក្រៅ​ប្រទេស​ មេត្តាជួយ​ឧបត្ថម្ភ​​តិចក្តី​ច្រើន​ក្តី​ ដើម្បីជាជំហរ​ក្នុងការ​ពង្រីក​វិសាល​ភាព​ផ្សព្វផ្សាយ​គុនខ្មែររបស់​យើង​បន្ថែម​ទៀត»។

ចំណែក​លោក ម៉ិល កាដូ អនុប្រធានសហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ បានសរសើរ​លោក ស្រី ចាន់ថន ដែលបាន​ចូលរួម​យ៉ាងសស្រាកសស្រាំក្នុងការ​រួម​ចំណែក​អភិវឌ្ឍ​​ប្រដាល់​គុនខ្មែរ តាម​រយៈការ​បង្កើត​ឱ្យ​មាន​ក្លិប KKIF ហើយ​លោក​​ក៏​ធ្លាប់​បានឧបត្ថម្ភ​ទាំង​ស្រុង ​ទៅលើ​ការ​រៀបចំ​ការ​ប្រកួតកីឡា​ប្រដាល់​គុនខ្មែរ​ជ្រើស​រើសជើងឯក​ថ្នាក់ជាតិ ចំនួន​២​លើក​កន្លងមក។

លោក​ កាដូ បញ្ជាក់​ថា៖ «លោក​ឧកញ៉ា ស្រី​ ចាន់ថន ពិត​ជា​មាន​ភាពសកម្ម​ក្នុង​ការ​ចូលរួម​ជួយ​បំផុស​សកម្មភាព​កីឡា​ប្រដាល់​គុនខ្មែរ ចំណែក​ការ​ចាប់​ដៃ​ជាមួយ​ទូរទស្សន៍​អប្សរា ក្នុង​ការ​ផ្សាយ​ផ្ទាល់​ទាំង​​ក្នុង​កម្មវិធី​អាណាចក្រ​ថ្នាលគុនខ្មែរ និង​តេជះ​គុនខ្មែរ គឺជា​គំនិត​ថ្មី​មួយ​ទៀត​របស់​លោក​ឧកញ៉ា ក្នុង​ការ​​ជួយ​បំផុស​អភិរក្ស និង​អភិវឌ្ឍ​វិស័យ​កីឡា​ប្រដាល់​គុនខ្មែរទាំង​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ ដែល​យើង​ទាំង​អស់​គ្នា ត្រូវ​តែ​អបអរ​នូវ​សមិទ្ធផល​ដ៏ល្អ​នេះ»៕May be an image of 5 people and textMay be an image of 2 people, newsroom and textMay be an image of 1 person, dais and textMay be an image of 6 people and text