រដ្ឋមន្ត្រីបរិស្ថាន ជំរុញឱ្យបណ្តារាជធានី-ខេត្ត ខិតខំចលនាដាំដើមឈើអត្តសញ្ញាណជាតិឱ្យបានច្រើន
កែប៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញឱ្យបណ្តារាជធានី-ខេត្ត នីមួយៗ បំផុសចលនាដាំដើមឈើ ដែលជាអត្តសញ្ញាណជាតិឱ្យបានកាន់តែច្រើន ដើម្បីបង្កើនសម្រស់ទាក់ទាញទេសចរណ៍ក្នុងខេត្ត សោភ័ណភាព និងភាពបៃតង ដើម្បីចូលរួមជាមួយក្រសួងបរិស្ថាន ដែលគ្រោងដាំស្តារព្រៃឈើឡើងវិញ ឲ្យបាន ៥លានហិកតា បន្ថែមទៀត ក្នុងរយៈពេល ២៥ឆ្នាំខាងមុខ។
ថ្លែងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្ត្រីរាជការ មន្ទីរបរិស្ថានខេត្តកែប កាលពីថ្ងៃទី៣ ខែសីហា ២០២៤
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអោយដឹងថា ក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំឲ្យមានសួនបណ្តុះកូនឈើតាមរាជធានី-ខេត្ត ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំដុះ បង្កើនគម្របព្រៃឈើឡើងវិញឱ្យបាន១លាន ៣សែនដើមក្នុងមួយឆ្នាំៗ ហើយតាមរយៈពិព័រណ៍ពន្លកបៃតង ដែលរៀបចំដោយក្រសួងបរិស្ថាន នាពេលកន្លងទៅ ក៏បានបណ្ដុះស្មារតីប្រជាពលរដ្ឋឲ្យចូលរួមដាំដើមឈើឡើងវិញ ឲ្យបានកាន់តែច្រើនផងដែរ។ ទន្ទឹមនេះក្រសួងបរិស្ថាន នឹងបន្តរៀបចំពិពរណ៍ពន្លកបៃតង ទ្រង់ទ្រាយធំនៅឆ្នាំក្រោយ នៅរាជធានីភ្នំពេញ និងតាមបណ្ដារាជធានី-ខេត្ត ផ្សេងទៀតផងដែរ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានជំរុញឲ្យមន្ទីរបរិស្ថាន រាជធានី-ខេត្ត ត្រូវខិតខំធ្វើការបណ្ដុះកូនឈើឲ្យបានច្រើន ដើម្បីចែកជូនប្រជាពលរដ្ឋ។ តាមការគ្រោងទុកក្រសួងបរិស្ថានគ្រោងដាំស្តារព្រៃឈើឡើងវិញ ឲ្យបាន ៥លានហិកតា បន្ថែមទៀត ក្នុងរយៈ ពេល២៥ឆ្នាំខាងមុខ ពោលគឺ ធ្វើយ៉ាងណាដាំដើមឈើឡើងវិញ ឲ្យបាន ១១លានហិកតា ឬ៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០។
លោករដ្ឋមន្ត្រី ក៏បានក្រើនរម្លឹកដល់អាជ្ញាធរខេត្ត និងមន្ត្រីបរិស្ថាន ត្រូវយកចិត្តទុកដាក់ទៅលើបរិស្ថាន ដោយធ្វើយ៉ាងណាជំរុញភាពស្អាត អនាម័យឲ្យទៅជាចលនា និងប្រែក្លាយទៅជាទម្លាប់នៃភាពស្អាត នៅគ្រប់ស្រទាប់វណ្ណៈ។ តាមរយៈយុទ្ធនាការ “ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” របស់ក្រសួងបរិស្ថាន បាននិងកំពុងបណ្ដុះគំនិតនៃភាពស្អាត និងការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងចំណោមស្រទាប់កុមារ និងយុវជនដែលបច្ចុប្បន្នមានអ្នកចូលរួមជាង ៣លាននាក់ យ៉ាងផុលផុស ក្នុងយុទ្ធនាការនេះ៕