រដ្ឋមន្ត្រីបរិស្ថាន៖ រដ្ឋាភិបាលនីតិកាលទី៧ ការងារជាអាទិភាពដោយកម្ពស់ការយល់ដឹង និងការចូលរួមរបស់រដ្ឋដើម្បីបរិស្ថានបៃតង និងមានចីរភាព
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកំពត កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា ការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ នឹងជំរុញដល់ការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ការរស់នៅស្អាត និងមានបរិស្ថានបៃតង ប្រកបដោយចីរភាព។
លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ការរស់នៅ
នៅស្អាត មានបរិស្ថានបៃតង ការរស់នៅប្រកបដោយចីរភាព ដោយធានាបាននូវគុណភាពបរិស្ថានល្អ។ ដើម្បីធ្វើឱ្យកម្ពុជាយើងស្អាត លោករដ្ឋមន្រ្តី បានលើកឡើងបន្ថែមពីការដាំដើមឈើ គឺជាអ្វីដែលធ្វើឡើងស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានផងដែរ ដែលគឺការផ្តួចផ្តើមឱ្យមានការវិនិយោគបៃតង និងគិតគូរដល់ប្រយោជន៍សហគមន៍ជាចម្បង។ ការធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានលំនឹងសេដ្ឋកិច្ចតាមរយៈការបង្កើតមុខរបរបន្ថែមពីរបរ ដែលមានស្រាប់ ដោយការវិនិយោគបៃតង គឺជាគោលដៅចម្បងឆ្ពោះ ទៅរកភាពស្អាត ភាពបៃតង និងចីរភាព ដែលកៀរគរអ្នកវិនិយោគ និងអ្នកទេសចរណ៍ក្នុង និងក្រៅស្រុក ឱ្យចូលរួមចំណែកជាមួយវិស័យបរិស្ថាន និងការអភិវឌ្ឍរបស់កម្ពុជា។
លោកបណ្ឌិត អ៊ាង សុផល្លែត បានស្នើសុំដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេសបន្តចូលរួមយុទ្ធនាការ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាឱ្យ មានចីរភាពតាមរយៈការបណ្តុះពន្លកនៃភាពស្អាត ពន្លកបៃតងបន្ថែមទៀត ដើម្បីបរិស្ថានកម្ពុជាស្អាតតរៀងរហូត៕