UNIDO ផ្សព្វផ្សាយ លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ ៖ រដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហ កម្ម (UNIDO) កាលពីថ្មីៗនេះបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផល» ដើម្បីជូនដំណឹងដល់សហគ្រាសកែច្នៃផលជលផល និងប្រតិបត្តិកធុរកិច្ចជលផលពាក់ព័ន្ធដែលមានបំណងនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប​ ឱ្យដាក់ពាក្យស្នើសុំមកកាន់រដ្ឋបាលជលផលដើម្បីចុះឈ្មោះ និងទទួលបានលេខកូដសម្គាល់អនុម័តសម្រាប់នាំចេញ។

ថ្លែងក្នុងសិក្ខាសាលានោះលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបានជាអគ្គនាយករដ្ឋបាលជលផល បានអោយដឹងថា «ដោយសារតែមានតម្រូវការកើនឡើងរបស់សហគមន៍អាស៊ី និងអនិកជនកម្ពុជានៅក្រៅស្រុក ការអនុវត្តប្រព័ន្ធនេះជួយឱ្យកម្ពុជាអាចនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន ដូចជា ចិន អូស្រ្តាលី ញូហ្សេឡែន និងរដ្ឋសមាជិកអាស៊ានផ្សេងទៀត»

ជាមួយគ្នានេះដែរលោក ពុំ សុថា អំពាវនាវឱ្យតួអង្គក្នុងខ្សែច្រវាក់តម្លៃជលផល និងតួអង្គពាក់ព័ន្ធនានា ឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល ដោយអនុវត្តតាតម្រូវការសុវត្ថិភាពម្ហូបអាហារ ដោយដាក់ពាក្យស្នើសុំមកកាន់រដ្ឋបាលជលផលដើម្បីទទួលបានលេខសម្គាល់អនុម័តសម្រាប់នាំចេញ។ «នីតិវិធីមានលក្ខណៈស្មុកស្មាញ ប៉ុន្តែមានតម្លៃ បើកម្ពុជាទទួលបានជោគជ័យក្រោយការធ្វើសវនកម្មវាយតម្លៃផ្ទៀងផ្ទាត់ពី​ DG-SANTE កម្ពុជាមានលទ្ធភាពច្រើនដើម្បីចរចារបើកទីផ្សារជាមួយប្រទេសផ្សេងៗទៀត។

លោកថា «ការទទួលស្គាល់របស់សហភាពអឺរ៉ុប គឺជាជំហរប្រកបដោយមោទនភាពមួយរបស់កម្ពុជា ក្នុងការរកទីផ្សារក្រៅស្រុក និងទាក់ទាញការវិនិយោគបន្ថែមសម្រាប់អនុវិស័យជលផលក្រោយប្រមូលផល»។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាំចេញ រដ្ឋបាលជលផល បានដាក់ចេញ «គោលការណ៍ណែនាំពីលក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់ការត្រួតពិនិត្យ និងអធិការកិច្ចគុណភាព និងសុវត្ថិភាពផល ផលិតផលជលផល» កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បម្រើដល់ការ នាំចេញ។ ប្រធានទីប្រឹក្សាបច្ចេកទេសរបស់អង្គការ ​UNIDO បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ បានមានប្រសាសន៍ថា «ការចង្អុលបង្ហាញរបស់ឯកសារនេះ គឺផ្នែកតាមគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែចំពោះសហគ្រាស និងអាជីវកម្មដែលមានគោលបំណងនាំចេញផល ផលិតផលជលផលរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារមានសក្តានុពលមួយចំនួនទៀត តម្រូវឱ្យអនុវត្តតាមលក្ខខណ្ឌតម្រូវបច្ចេកទេសនេះដាច់ខាត»។

បណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព មានប្រសាសន៍ថា «អាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល​ (FCA) បានកំពុងត្រៀមលក្ខណៈសម្រាប់ការចុះវាយតម្លៃផ្ទៀងផ្ទាត់ពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) របស់សហភាពអឺរ៉ុបដោយរដ្ឋបាលជលផលបានដាក់លិខិតស្នើសុំផ្លូវការ និងឯកសារតម្រូវផ្នែកបច្ចេកទេសរួចរាល់ហើយផងដែរ»។

ការធានាបានសុចរិតភាព និងសុវត្ថិភាពផល ផលិតផលជលផលគឺជាអាទិភាពចម្បងរបស់រដ្ឋបាលជលផល។ ក្រោមជំនួយ បច្ចេកទេសពីអង្គការ ​UNIDO  រដ្ឋបាលជលផល បាន និងកំពុងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការ និងសុវត្ថិភាពម្ហូបអាហារគ្រប់ជ្រុងជ្រោយស្របតាមលក្ខខណ្ឌតម្រូវ និងបទដ្ឋានរបស់សហភាពអឺរ៉ុប (EU) ដើម្បី ការពារសុខភាពសាធារណៈ និងសម្រួលពាណិជ្ជកម្ម។

ឈរលើជំហរមុតម៉ាំនេះ រដ្ឋបាលជលផល បានខិតខំបង្កើតឱ្យមានអនុស្សារណៈនៃការយោគយល់​ (MOU) ឬ កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ជាមួយបណ្តាប្រទេសទាំងនេះដើម្បីបើកទីផ្សារឱ្យផលិតផលជលផលកម្ពុជាឲ្យកាន់តែទូលំទូលាយ។ កិច្ចការនេះទាមទារឱ្យអាជ្ញាធរមានសមត្ថភាពផ្នែកជលផល​ (FCA) ត្រូវមានសមត្ថភាពគ្រប់គ្រាន់ដើម្បី ធានាថាផលិតផលជលផលផ្គត់ផ្គង់ពីកម្ពុជាមានអនាម័យ និងសុវត្ថិភាពគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសអ្នកទិញ។

អាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល (FCA)នឹងស្នើសុំឱ្យ​ DG SANTE ចុះមកវាយតម្លៃផ្ទៀងផ្ទាត់ ដើម្បីចុះឈ្មោះប្រទេសកម្ពុជា ជាមួយផលិតផលជលផលដែលមានហានិភ័យទាបដូចជាទឹកត្រី ប្រហុក និងត្រីងៀតដែលកែច្នៃចេញពីផលចាប់ធម្មជាតិទឹកសាប៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds