រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ យើងមានគម្រោងដាំដើមត្នោតនៅទូទាំង ដើម្បីធ្វើជាដំណាំពាណិជ្ជកម្ម
(កំពត)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា យើងមានគម្រោងដាំដើមត្នោតនៅទូទាំង ដើម្បីធ្វើជាដំណាំពាណិជ្ជកម្ម ខណៈរុក្ខជាតិមួយប្រភេទនេះ ជាអត្តសញ្ញាណជាតិ ប៉ុន្តែមានការបាត់បង់ដោយសារការកាប់ធ្វើសំណង់លំនៅឋាន ឬសម្ភារផ្សេងៗ និងមិនមានការចាប់អារម្មណ៍ក្នុងការដាំឡើងវិញពីប្រជាពលរដ្ឋ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាឱកាសដឹកនាំមន្ត្រីក្រោមឱវាទក្រសួងបរិស្ថានចុះសិក្សាស្វែងយល់ពីរបៀបបណ្តុះកូនត្នោត និងដាំដើមត្នោត នៅក្នុងស្រុកជុំគិរី ខេត្តកំពត កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា មកដល់បច្ចុប្បន្ន នៅលើដីរបស់លោកផ្ទាល់ បានដាំដើមត្នោតបានចំនួន៥ម៉ឺនដើមរួចទៅហើយ ដែលត្នោតទាំងនេះមានអាយុកាល៥ឆ្នាំ។ ចំណែកនៅក្នុងថ្នាលបណ្តុះវិញ កំពុងដាក់គ្រាប់បណ្តុះបានចំនួន២០ម៉ឺនគ្រាប់ហើយ ខណៈក្នុងគោលដៅនៅទីនេះ គ្រោងដាក់ដល់៧០ ម៉ឺនគ្រាប់ ដើម្បីបានជាកូនត្នោត ទុកសម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំនៅឆ្នាំក្រោយ។
លោករដ្ឋមន្រ្តី បន្តថា ការរួមគ្នាបំផុសចលនាដាំដើមត្នោតឱ្យបានច្រើន គឺមិនត្រឹមតែសម្រាប់រក្សាអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការជំរុញ និងប្រែក្លាយដើមត្នោត ទៅជាដំណាំពាណិជ្ជកម្ម ខណៈវាផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។ លោកថា មន្ទីរបរិស្ថានរាជធានី ខេត្តទាំង២៥ បានត្រៀមថ្នាល សម្រាប់បណ្តុះកូនត្នោតរួចជាស្រេច ជាមួយការបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋ នៅឆ្នាំក្រោយៗ បន្តបន្ទាប់ ដើម្បីបណ្តុះផ្នតគំនិត ពន្លកបៃតង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន ៦០% នៅឆ្នាំ២០៥០។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំរុក្ខរបស់ជាតិនេះ ក្នុងគោលបំណងលើកស្ទួយតម្លៃ វប្បធម៌ជាតិខ្មែរ ដែលបានផ្សារភ្ជាប់នឹងរុក្ខរបស់ជាតិខ្មែរ។ ជាមួយគ្នានេះ ការដាំត្នោតជាចំការ និងតាមការធ្វើទំនើបកម្មក្នុងការដាំ គឺដាំជាជួរ ដោយមានគម្លាតគម្លាត ៤,៥ម៉ែត្រ ពីមួយដើមទៅមួយដើមទៀត និងគម្លាត ៥ម៉ែត្រ ពីជួមួយទៅជួមួយទៀត។ វិធីសាស្រ្តនេះផ្តល់ភាពងាយស្រួលក្នុងការប្រមូលផល និង អាចជួយឱ្យប្រជាពលរដ្ឋរកចំណូលបាន។ លើសពីនេះ ចំការត្នោតបង្ហាញជូនទេសចរជាតិ អន្តរជាតិ ពីសោភ័ណភាពនៃការដាំ ពីជីវភាពរស់នៅ របស់ពលរដ្ឋផ្សារភ្ជាប់នឹងប្រពៃណីវប្បធម៌ជាតិ ដែលកើតមានតាំងពីយូរលង់ណាស់មកហើយ។
ដើមត្នោតត្រូវបានចាត់បញ្ចូល ជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ រុក្ខរបស់ត្នោត ឱ្យផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដូចជាផ្តល់គម្របបៃតង និងអត្ថប្រយោជន៍ជាច្រើន សម្រាប់ការរស់នៅប្រចាំថ្ងៃ ដូចជាទឹកត្នោត ស្ករត្នោតដែលបានមកពីទឹកត្នោត ប្រភេទអារហារដែលផ្តល់ថាមពល ជួយដល់សុខភាព ស្លឹកត្នោតអាចយកទៅប្រក់ដំបូលផ្ទះ ចំណែកដើមត្នោតធ្វើទូក និងផ្ទះជាដើម លើសពីនេះក៏មានសម្ភារប្រើប្រាស់ជាច្រើនបានច្នៃចេញពីរុក្ខរបស់ជាតិ គឺត្នោតនេះផងដែរ៕