រដ្ឋមន្រ្តី៖ ក្រសួងបរិស្ថាន បានដាក់គោលដៅចំនួន៥ឆ្នាំ ដើម្បីអោយកម្ពុជាគ្មានថង់ផ្លាស្ទិកនៅតាមផ្លូវ ប៉ុន្តែគម្រោងនេះលឿនជាងផែនការ

ភ្នំពេញ ៖ សម្រាប់រដ្ឋាភិបាលអាណត្តិទី៧ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងបរិស្ថាន បានដាក់គោលដៅចំនួន៥ឆ្នាំ ធ្វើយ៉ាងណាដើម្បីអោយប្រទេសកម្ពុជាគ្មានថង់ផ្លាស្ទិកហោះហើរនៅតាមផ្លូវ ប៉ុន្តែគម្រោងនេះលឿនជាងផែនការ​ណ៍។ 

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីរាជការមន្ទីរបរិស្ថានខេត្តកំពត នៅថ្ងៃទី៣ សីហា លោករដ្ឋមន្ដ្រី អ៊ាង សុផល្លែត បានថ្លែងថា សម្រាប់រដ្ឋាភិបាលអាណត្តិទី៧ ក្រសួងបានដាក់ចេញគោលដៅចំនួន៥ឆ្នាំ ដើម្បីធ្វើអោយកម្ពណុជាគ្មានថង់ផ្លាស្ទិកហោះហើតាមផ្លូវ។ លោកថា តាមរយៈគម្រោងនេះក្រសួង ជំរុញឲ្យមានការប្រឡងប្រណាំងរបស់អាជ្ញាធររាជធានីនិងខេត្តនានានៅកម្ពុជា ដើម្បីចូលរួមបំផុសគំនិតស្អាត គ្មានសំរាមប្លាស្ទិកនៅតាមផ្លូវក្នុងឆ្នាំ២០២៥ ។ ជាមួយគ្នានេះ ខេត្តណាដែលមិនមានសំរាមប្លាស្ទិកនៅតាមផ្លូវនឹងទទួលបានរង្វាន់លើកទឹកចិត្តពីក្រសួងបរិស្ថាន។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សំណាក់សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមយុទ្ធនាការការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងរាជធានី ខេត្តទូទាំងប្រទេស គឺផ្តើមចេញពីការចូលរួមប្តេជ្ញាចិត្ត និងការចូលរួមធ្វើសកម្មភាពសម្អាតអនាម័យបរិស្ថាន និងចូលរួមប្លាស្ទិកយ៉ាងផុសផុល។

សូមរំលឹកថា តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក” របស់ក្រសួងបរិស្ថាន មានប្រជាពលរដ្ឋជាង ៨,៧ លាននាក់ហើយបានចូលរួមនិងបានធ្វើឲ្យកម្ពុជាស្អាតមិនមានសំរាមប្លាស្ទិក ។ ទន្ទឹមនឹងនេះ ក៏បានកាត់បន្ថយការនាំចូលថង់ប្លាស្ទិកប្រមាណជាង ៧០% នៅដើមឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds