ការស្តារជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព ចាំបាច់តម្រូវឱ្យមានវត្តមានមំសាសី ជាពិសេសសត្វខ្លាធំ

មន្ត្រីជាំន់ខ្ពស់ក្រសួងបរិស្ថាន បានអះអាងថា ការ​ស្តារ​ជីវៈ​ចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​​ប្រកប​ដោយ​និរន្តរភាព ចាំបាច់​តម្រូវ​ឱ្យ​មាន​វត្តមាន​មំសាសី ជាពិសេសសត្វ​ខ្លាធំ ឬ​សត្វ​ខ្លា​ដំបង ក្នុង​តំបន់​ការពារ​ធម្មជាតិ ដែល​ពពួក​សត្វ​ទាំង​នេះមាន​សារៈ​សំខាន់ និងចាំបាច់ដើម្បី​ថែរក្សា​ការពារ​សុខមាលភាព​​ជីវៈចម្រុះ និង​លំនឹង​ប្រព័ន្ធ​អេកូឡូស៊ីក្នុង​ទីជម្រក​ធម្មជាតិ។

ថ្លែងក្នុង​ពិធី​ប្រារព្ធ​ទិវា​សត្វខ្លា​ធំ​អន្តរជាតិ ដែលរៀបចំដោយក្រសួងបរិស្ថាន ជាមួយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ​លោក​ ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអោយដឹង​ថា ការ​ស្តារជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព ចាំបាច់តម្រូវឱ្យមានវត្តមានមំសាសី ជាពិសេស សត្វខ្លាធំ ឬសត្វខ្លាដំបង ក្នុងតំបន់ការពារធម្មជាតិ ព្រោះ​សត្វខ្លាធំ គឺជាអត្តសញ្ញាណរបស់ទ្វីបអាស៊ី ដែលមាន​វត្តមានតែ​ក្នុងប្រទេសចំនួន​ ១៤ ប៉ុណ្ណោះរួមមាន៖ រុស្ស៊ី កាហ្សាក់ស្ថាន ចិន ឥណ្ឌា ប៊ូតាន នេប៉ាល់ បង់ក្លាដែស មីយ៉ាន់ម៉ា ថៃ ឡាវឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និង​កម្ពុជា ដែល​វត្តមានចុងក្រោយ​ត្រូវ​បាន​ថត​ដោយ​​​កាមេរ៉ា​ថត​សត្វ​នៅ​ឆ្នាំ ២០០៧។

លោកថា «កម្ពុជា​ត្រូវបាន​អន្តរជាតិ​ចាត់ជា​ប្រទេស ដែលមាន​ទីជម្រកសមស្រប​សម្រាប់ការស្តារសត្វខ្លាធំ​ឡើងវិញ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្តេជ្ញាស្តារសត្វខ្លាធំឡើងវិញ តាមរយៈការបង្កើតផែនការសកម្មភាពសត្វខ្លាធំនៅកម្ពុជា ២០១៥-២០២៤»។

គម្រោងស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជានេះ ត្រូវបានបង្កើតឡើងបន្ទាប់ពីបាត់វត្តមានសត្វខ្លាទាំងនេះចេញពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោកគេប៉ាន់ប្រមាណថា ចំនួនសត្វខ្លាធំ នៅសេសសល់នៅមានប្រមាណ ៣ពាន់ ២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះ មានការថយចុះ ៩៥% បើធៀបនឹងចំនួនរបស់វា ធ្លាប់មានវត្តមានក្នុងដើមទសវត្សរ៍ទី២០ ដែលមានប្រហែល ១០ម៉ឺនក្បាល នៅក្នុងពិភពលោកនោះ៕

May be an image of 6 people, dais and textMay be an image of 2 people, slow loris and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds