អាជ្ញាធរខណ្ឌឫស្សីកែវចុះត្រួតពិនិត្យមើលទីតាំងត្រូវស្ថាបនា អភិវឌ្ឍន៍ នៅក្នុងមូលដ្ឋាន
នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ បានបន្តចុះត្រួតពិនិត្យមើលតាមទីតាំងត្រូវស្ថាបនា និងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានជាប់ជាប្រចាំ ដែលនេះជាការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌឫស្សីកែវ។
ជាមួយគ្នានេះដែរលោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ រស់នៅក្នុងភូមិ ក្រុម១០ ភូមិឃ្លាំងសាំង សង្កាត់គីឡូម៉ែត្រលេខ៦ និងពិនិត្យមើលផ្លូវដែលនឹងស្ថាបនាចាក់បេតុងប្រវែង ៣៣០ម៉ែត្រ និងលូ ទទឹង៥.៥៤ម៉ែត្រ និងកំរាស់ ១តឹកកន្លះ នាពេលខាងមុខ។ លោកអភិបាលខណ្ឌ បានសុំឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរ អធ្យាស្រ័យយោគយល់ក្នុងពេលកំពុងសាងសង់ផ្លូវបេតុងថ្មីមួយខ្សែរនេះ។
ប្រជាពលរដ្ឋរស់នៅតាមកំណាត់ផ្លូវដែលត្រូវស្ថាបនាជាផ្លូវបេតុង មានក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណដល់អាជ្ញាធរ ដែលបានយកចិត្តទុកដាក់ការអភិវឌ្ឍមូលដ្ឋាន ត្បិតផ្លូវមួយនេះមានការលំបាកធ្វើដំណើរនារដូវវស្សារាល់ឆ្នាំ តែក្រោយពីស្ថាបនារួចនឹងលែងលំបាកដូចមុនទៀតហើយ ងាយស្រួលធ្វើដំណើរ និងរករបរទទួលទានចិញ្ចឹមជីវិតរាល់ថ្ងៃ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យការតាំងលក់ដូររបស់ប្រជាពលរដ្ឋ ត្រង់ចំណុចផ្លូវបេតុងថ្មី (អតីតផ្លូវរថភ្លើងចាស់) ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ដោយស្នើឲ្យអ្នកដូរ ត្រូវលក់ដូរលើចិញ្ចើមផ្លូវ ជៀសវាងដាក់លក់គ្មានរបៀបរៀបរយ នាំឱ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កកាតកក់ស្ទះចរាចរណ៍ក្នុងមូលដ្ឋានផងដែរ៕