រដ្ឋមន្រ្តីបរិស្ថាន៖ ផ្លូវស្អាត និងការបណ្តុះផ្នត់គំនិតស្អាត នាំឱ្យដំណើរទស្សនកិច្ចចុះសួរសុខទុក្ខមន្រ្តីនៅតាមមូលដ្ឋាន សម្រេចបានខេត្តចំនួន៤ ក្នុងរយៈពេលតែ១ថ្ងៃ
នៅក្នុងថ្ងៃទី១ នៃដំណើរចុះសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន នៅភាគពាយ័ពនៃប្រទេស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើដំណើរទៅកាន់ខេត្តចំនួន៤ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា លទ្ធផលចម្បងចំនួន២ធំៗ ដែលឯកឧត្តមរដ្ឋមន្រ្តីនិងប្រតិភូក្រសួងបរិស្ថាន អាចធ្វើដំណើរទៅកាន់ខេត្តចំនួន៤ នៅក្នុងភាគពាយ័ពនៃប្រទែស ក្នុងពេលតែ១ថ្ងៃ នោះគឺទី១ ផ្តោតលើការអភិវឌ្ឍន៍នៅតាមមូលដ្ឋានក្នុងប្រទេស ក្នុងនោះ“ផ្លូវស្អាត» ផ្លូវថ្នល់ក្នុងខេត្ត ស្រុក ក៏ដូចគ្នា និងផ្លូវជាតិ បានកសាងជាថ្មី ដែលធានាបាននូវការដឹកជញ្ជូន ការធ្វើចរាចរណ៍ជា ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ចំណេញពេលវេលា និងចំណេញថវិកា និងទី២គឺសោភ័ណភាពនៅតាមដងផ្លូវ មានភាពស្រស់ស្អាតដោយទេសភាបធម្មជាតិ និងទីប្រជុំជននីមួយៗ មានអនាម័យស្អាតជាងមុន។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធ ដែលមានការប្តេជ្ញាចិត្តខ្ពស់ កែប្រែផ្នត់គំនិតស្អាត មានការទុកដាក់សំរាមបានល្អជាងមុន កាត់បន្ថយការបោះសំណល់សំរាម ប្លាស្ទិក ពាសវាលពាសកាល នៅតាមដងផ្លូវ និងទីសាធារណៈជាបណ្តើរៗ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានសុទិដ្ឋនិយមថា ការអនុវត្តនូវភាពស្អាតជាប្រចាំ នឹងក្លាយជាទម្លាប់នៅពេលខាងមុខដ៏ខ្លី ដែលជួយឱ្យកម្ពុជានឹងក្លាយជាប្រទេសដែលមានភាពស្អាត គ្មានសំរាមប្លាស្ទិក ដែលប៉ះពាល់ដល់សុខភាពសាធារណៈជន និងកូនចៅជំនាន់ក្រោយរបស់កម្ពុជា។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូ បានមានផែនការចុះជួបជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការក្រោមឱវាទ និងប្រារព្ធពិធីការដាមកូនឈើជាង១៥០០០ដើម នៅខេត្តចំនួន៧ រយមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទិ២៤ ដល់ថ្ងៃទិ២៥ ខែកក្កដា ឆ្នាំ២០២៤។
ការធ្វើដំណើររបស់ឯកឧត្តមរដ្ឋមន្រ្តី បានបន្តជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីនៅតាមមន្ទីរបរិស្ថានរាជធានីខេត្តទាំងអស់ពង្រឹងសមត្ថភាព ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាពិសេសអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញដោយមានការចង្អុលណែនាំ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងស្របជាមួយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាចរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើសសរស្តមបីសំខាន់គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន ៦០%នៅឆ្នាំ២០៥០៕