ឆមាសទី ១ ឆ្នាំនេះ យុវជនជាង ៤ ម៉ឺននាក់ ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

គិត​ឆមាស​ទី​១ ​ឆ្នាំ​២០២៤​ នេះ​ ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ប្រមាណ​ជាង​៤ម៉ឺន​នាក់​ បាន​ចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ​ ក្នុងនោះ​មាន​សិស្ស​ជិត​៤​ពាន់​នាក់​ បាន​បញ្ចប់​វគ្គ​ទី១។ នេះបើយោងតាម​អ្នកនាំពាក្យ​ក្រសួង​ការងារ នៅរសៀល​ថ្ងៃទី១៨​ ខែកក្កដា​ នេះ។

លោក កត្តា អ៊ន ​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានអោយដឹងថា​ កម្មវិធី​បណ្ដុះបណ្ដាល​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ប្រមាណ១លាន ៥សែន​នាក់ នេះ ត្រូវបាន​រាជរដ្ឋាភិបាល​ប្រកាស​បើក​ជា​ផ្លូវការ​ កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និង​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី១ កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ហើយ​គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ២០២៤​ មាន​សិស្ស​ចុះឈ្មោះ​ចូលរៀន​ចំនួន៤០ ៨៥៣នាក់(​ស្រី១៤ ២៦៣នាក់​) សិស្ស​កំពុង​រៀន១៧ ៧៤១នាក់​ (​ស្រី ៦ ០៨៨នាក់)។ សិស្ស​បញ្ចប់​វគ្គ​ទី១ មាន​ចំនួន៣ ៩១៣នាក់។ ចំណែក​វគ្គ​ទី​ ២ មាន​សិស្ស​ចុះឈ្មោះ៧ ០០៧ នាក់ (​ស្រី៣ ២៣០នាក់​) និង​កំពុង​រៀន៤ ៥៦៤ នាក់ (​ស្រី២ ០៩៣នាក់​)។

លោក​បាន​បន្តថា ក្រសួង​ការងារ បញ្ចូល​ជំនាញ​ថ្មី៧បន្ថែមទៀត ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន និង​អនាគត។ ជំនាញ​ថ្មីទាំង៧រួមមាន៖ ១.​ការដំឡើង​ដំបូល, ២.​ការថែទាំ និង​ជួសជុល​ទោចក្រ​យានយន្ត​, ៣.​ការ​ថែទាំ និង​ជួសជុល​ម៉ាស៊ីន​ធុន​តូច​, ៤.​ការដំឡើង និង​ថែទាំ​បណ្ដាញ​កុំព្យូទ័រ​, ៥.​ការ​ដំឡើង និង​អនុវត្ត​បច្ចេកវិទ្យា​ឌីជីថល​, ៦.​ការងារ​ការិយាល័យ​ជួរមុខ និង ​៧.​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ខណៈពេល​បើក​ដំណើរការ​កម្មវិធី​ដំបូង​មាន ៣៨ ជំនាញ បែងចែក​តាម​វិស័យ​ចំនួន ១០ រួមមាន សំណង់ អគ្គិសនី និង​ថាមពល, អេឡិចត្រូនិក, កម្មន្តសាល​, មេកានិច​ទូទៅ​/​មេកានិច​រថយន្ត, ធុរកិច្ច និង​ព័ត៌មានវិទ្យា​, សេវាកម្ម, បរិក្ខារ​ត្រជាក់ និង​កម្តៅ, ទេសចរណ៍, និង​កសិកម្ម និងកសិ​-​ឧស្សាហកម្ម។

ជាមួយគ្នានេះដែរលោក កត្តា អ៊ន បាន​អំពាវនាវ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​យុវជន​មកពី​គ្រួសារ​ងាយ​រង​ហានិភ័យ និង​យុវជន​ទូទៅ ចុះឈ្មោះ​ចូលរៀន​ជំនាញ​ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ នាពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។ ចំពោះ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចូលរៀន​មិន​ត្រឹមតែ​អត់​គិតថ្លៃ​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ប្រមាណ ២៨ ម៉ឺន​រៀល សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ពេល​កំពុង​សិក្សា ៤ ខែទៀត​ផង​។ រីឯ​យុវជន​មកពី​គ្រួសារ​ធម្មតា ក៏​អាច​ចូល​សិក្សា​ដោយ​ឥតគិតថ្លៃ​ដែរ តែ​មិន​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ដូច​យុវជន​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នោះ​ទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds