កូនកូនឈើ៤ពាន់ដើម ត្រូវបានដាំនៅខេត្តកំពង់ធំក្រោមប្រធានបទ «ពន្លកបៃតង»

(កំពង់ធំ)៖​ អ្នកនាំពាក្យក្រសួងបរិស្ថាន អញ្ជើញដាំកូនឈើចម្រុះប្រមាណ ៤ ០០០ដើម ក្រោមប្រធានបទ «ពន្លកបៃតង» ក្នុងបរិវេណវត្តពាមមេត្រី ភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន តំណាងឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះធម្មធរគណរាជធានីភ្នំពេញ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរង ខេត្តកំពង់ធំ , លោក មួងសូនី ប្រធានក្រុមការងារសមាគម ១០០ រាត្រី, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងដៃគូ អង្គការសង្គមស៊ីវិល គ្រឹះស្ថានសិក្សា វិស័យឯកជន ភ្ញៀវជាតិ-អន្តរជាតិ ប្រជាសហគមន៍ ប្អូនៗយុវជន និងសិស្សានុសិស្សជាច្រើនរយនាក់។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ​បានអោយដឹងថា រដ្ឋសភានៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួង បរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ សរសរស្ដម្ភទីមួយ ភាពស្អាត គឺសំដៅធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង ដើម្បីបង្កបរិយាកាសស្រស់ស្រាយស្អាត មាន សណ្តាប់ធ្នាប់ល្អទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនមកកម្ពុជាផងដែរ។

ឯកឧត្តម បានគូសបញ្ជាក់បន្តថា ក្រសួងបរិស្ថាន បានជំរុញការដាំដើមឈើឱ្យច្រើន ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។ តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា ឆ្នាំ២០២៣ រហូតមកធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤។

ព្រឹត្តិការណ៍ «ពន្លកបៃតង» នឹងប្រារព្ធធ្វើ នាថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយ និងចែកកូនឈើជូនសាធារណជនយកទៅដាំ នៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្ដីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះ ពីគ្រប់ភាគីពាក់ព័ន្ធស្របនឹងយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន ដែលបានដាក់ចេញ ជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព ក្នុងគោលបំណងចម្បង គឺលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាព ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ។

ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះធម្មធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័នគល់ទទឹង មានសង្ឃដីកាថា ការដាំកូនឈើឡើងវិញនិងការចូលរួមថែរក្សាបរិស្ថាន មិនជាសិទ្ធិ​ផ្តាច់របស់នរណាម្នាក់នោះទេ។ «យើងទាំងអស់គ្នាកុំបន្ទោសគេថាហេតុអីស្រុកខ្ញុំ ភូមិខ្ញុំ អត់ស្អាត យើងទាំងអស់គ្នា ត្រូវចាប់ផ្តើមស្អាតពីផ្ទះខ្លួនឯង វត្តយើងស្អាតហើយនៅ មន្ទីរយើងស្អាតហើយនៅ?»

ព្រះអង្គមានសង្ឃដីកាបន្ត គោលនយោបាយថ្នាក់ជាតិមានរួចហើយលើវិស័យបរិស្ថាន ប៉ុន្តែ ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នា ប្រសិនបើគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនោះទេ គឺប្រទេសជាតិយើងមិនមានភាពស្អាតនោះទេ។ «អត់ស្អាតទេវតាអត់ជួយនោះទេ អាត្មាលើកទឹកចិត្តដល់អ្នកទាំងអស់ចូលរួមរក្សាភាពស្អាត ថ្ងៃពិសេសខួបកំណើត និងរៀបចំអាពាហ៍ពិពាហ៍ នាំដាំដើមឈើ ១ដើមមើល ឱ្យក្លាយជាចលនាដាំដើមឈើ ដើម្បីបង្ហាញពីសាក្សីនៃសេចក្តីស្រឡាញ់»

ដោយឡែកលោក មួង សូនី ប្រធានក្រុមការងារសមាគម១០០រាត្រី បានថ្លែងថា ការចូលដាំកូនឈើនៅថ្ងៃនេះនឹងផ្តល់ប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។ ខណៈរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងមានក្រសួងបរិស្ថានជាសេនាធិការ បានដាក់ចេញយុទ្ធនាការជាច្រើនលើវិស័យបរិស្ថាន ដោយក្នុងនោះការបណ្តុះផ្នត់គំនិតដល់ប្រជាពលរដ្ឋរួមគ្នាដាំកូនឈើឡើងវិញជាដើម។

ចំណែកលោក គោរម្យ ដាឡា ប្រធានសមាគមនិស្សិតសន្តិភាព ដើម្បីប្រជាធិបតេយ្យ បានលើកឡើងថា ការដាំ និងថែរក្សាព្រៃឈើឱ្យនៅគង់វង្ស ដើម្បីមនុស្សជំនាន់ក្រោយ ហើយត្រូវគិតថា ការចូលលើវិស័យបរិស្ថាន គឺជាកាតព្វកិច្ចទាំងអស់គ្នា។ ដូច្នេះ ការបណ្តុះស្មារតីឱ្យរួមគ្នាដាំកូនឈើឡើងវិញ គឺជាយុទ្ធសាស្ត្រដ៏ល្អសម្រាប់បង្កើនគម្របបៃតងនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds