ក្រសួងកសិកម្ម រៀបចំទស្សនកិច្ចអ្នកសារព័ត៌មាន ក្រោមប្រធានបទ៖ «ការទទួលស្គាល់ក្នុងស្រុក និងជាសកលសម្រាប់ផលិតផលជលផល»

(ភ្នំពេញ)៖ ក្រសួងកសិកម្ម និងអង្គការយូនីដូ បានរៀបចំដំណើរទស្សនកិច្ចមួយដល់អ្នកសារព័ត៌មានរយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៨ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីសិក្សា និងផ្សព្វផ្សាយអំពីសមិទ្ធផលគម្រោងរបស់ខ្លួនមួយ ក្រោមប្រធានបទ៖ «ការទទួលស្គាល់ក្នុងស្រុក និងជាសកលសម្រាប់ផលិតផលជលផល»

ទស្សនកិច្ចនេះ មានក្នុងនោះមានអ្នកសារព័ត៌មានជាង៤០នាក់ មកពី២១ស្ថាប័ន ដែលនឹងធ្វើដំណើរតាមរាជធានី-ខេត្តចំនួន៣ រួមមាន៖ រាជធានីភ្នំពេញ កោះកុង និងព្រះសីហនុដែលដឹកនាំ និងសម្របសម្រួលផ្ទាល់របស់កញ្ញា អ៉ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរដ្ឋបាលជលផល (FIA), តំណាងសហភាពអឺរុបប្រចាំប្រទេសកម្ពុជា, អង្គការ UNIDO និងអ្នកសារព័ត៌មានជាដើម។

គោលដៅនៃទស្សនកិច្ចនេះ គឺផ្សព្វផ្សាយអំពីសមិទ្ធផលគម្រោង និងលើកកម្ពស់ផលិតផលជលផលដែលមានសុវត្ថិភាព និងគុណភាពខ្ពស់ក្នុងទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារអន្តរជាតិ ក្រោមគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFISH-Capture គាំទ្រថវិកាដោយសហភាពអឺរ៉ុប ដើម្បីពន្លឿនការទទួលស្គាល់គុណភាព និងសុវត្ថិភាពម្ហូបអាហាររបស់កម្ពុជាពីកម្រិតជាតិដល់អន្តរជាតិ។

ដំណើរទស្សនកិច្ចសិក្សានេះ រៀបចំឡើងផ្អែកលើបទពិសោធន៍ជោគជ័យរបស់កម្មវិធីគាំទ្រសហគ្រាសផលផលខ្នាតតូច និងមធ្យម (VCIS) របស់គម្រោង CAPFish-Capture ដែលបានគាំទ្រដល់សហគ្រាសជលផលចំនួន៥០ ក្នុងការធ្វើទំនើបកម្មប្រតិបត្តិការអាជីវកម្ម បង្កើតផលជះជាវិជ្ជមានតាមរយៈការបង្កើតការងារ ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ការទទួលបានវិញ្ញាបនបត្រសុវត្ថិភាពម្ហូបអាហារ បង្កើនប្រាក់ចំណេញបានកាន់តែប្រសើរ។

កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFish) គឺជាកម្មវិធីជលផល ទទួលបានការឧបត្ថម្ភថវិកាពីសហគមន៍អឺរ៉ុប ក្នុងគោលបំណងរួមចំណែកលើការសម្រេចនូវចក្ខុវិស័យរយៈពេលវែងរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។

កម្មវិធី «ខាបហ្វីស ខាបឆឺ» គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ជាផ្នែកមួយនៃកម្មវិធី CAPFish-Capture ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជាក់លាក់ ដើម្បីអភិវឌ្ឍជលផលផ្នែកក្រោយប្រមូលផល។

គម្រោងនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យជលផលក្រោយប្រមូលផល និងមានគោលបំណងអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតផលជលផល ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ននៃអាជ្ញាធរមានសមត្ថកិច្ច ក្នុងការបង្កើតប្រព័ន្ធ ត្រួតពិនិត្យគុណភាពសុវត្ថិភាពផលិតផលជលផល ជួយគាំទ្រដល់វិស័យឯកជនក្នុងការអភិវឌ្ឍ ការកែច្នៃផលជលផលតាមរយៈការកសាងសមត្ថភាពជំនាញ ការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ ការគាំទ្រថវិកា វិនិយោគ និងការបង្កើតយន្តការគាំទ្រដល់ធុរកិច្ច ធានាបាននូវនិរន្តរភាពសម្រាប់វិស័យនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds