រដ្ឋមន្ត្រីបរិស្ថាន៖ ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ«ពន្លកបៃតង» បានបណ្ដុះគំនិត ពលរដ្ឋ ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទពិព័រណ៍«ពន្លកបៃតង»នៅរសៀលថ្ងៃទី១២ ខែកក្កដា រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអោយដឹងថា ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» គឺជាការបណ្ដុះគំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង ស្រឡាញ់បរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បន្ថែមថា គឺឆ្នាំនេះជាឆ្នាំលើកដំបូងនៃការធ្វើពិព័រណ៍កូនឈើ ហើយនៅឆ្នាំក្រោយក្រសួងបរិស្ថាននឹងធ្វើនៅរាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បីបំផុសការដាំដើមឈើរបស់ប្រជាពលរដ្ឋ។ ចំណែកនៅឆ្នាំបន្តបន្ទាប់ទៀតនឹងប្រគល់ឲ្យធ្វើនៅតាមរាជធានី ខេត្ត ។

លោកបណ្ឌិតបញ្ជាក់ថា ឆ្នាំក្រោយក្រសួងបរិស្ថាន អាចបណ្តុះបានកូនឈើ យ៉ាងតិច ៥លានដើម សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ហើយនៅឆ្នាំក្រោយៗទៀត នឹងមានថ្នាលសម្រាប់បណ្តុះកូនឈើលក្ខណៈតំបន់ ដែលអាចផលិតកូនឈើ បានចំនួន ១០លានដើម ក្នុងមួយឆ្នាំ។

បន្ថែមលើនេះ លោកបន្តអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងយុទ្ធនាការនានាដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាឱ្យមានចីរភាព តាមរយៈការបណ្តុះ ពន្លកនៃភាពស្អាត ពន្លកនៃភាពបៃតង នេះជាបន្តទៀត ដើម្បីឱ្យប្រទេសកម្ពុជាទទួលបាននូវភាពស្អាត ភាពបៃតង រយៈពេលវែង ស័ក្ដិសមជាអរិយប្រទេស។

គួរបញ្ជាក់ដែរថា ការៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ គឺជាការឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់ គឺស្អាត បៃតង និងចីរភាព។ ម្យ៉ាងវិញទៀត គឺជាការជំរុញឱ្យប្រទេសកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានធ្វើការចែកកូនឈើ ក្នុងឱកាសពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ក្នុងគោលបំណងបណ្តុះផ្នត់គំនិត ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ឲ្យស្រឡាញ់ដើមឈើ។ កូនឈើចម្រុះរាប់ម៉ឺនដើម រួមមានទាំងពូជឈើប្រណិត ពូជឈើលម្អ ឈើហូបផ្លៃ និងពូជឈើពពួកព្រៃលិចទឹកនិងកោងកាង បានចែកឲ្យប្រជាពលរដ្ឋ យកទៅដាំដោយឥតគិតថ្លៃ ដើម្បីធានាឲ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឲ្យ បាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds